ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េ ២តោនកន្លះបើកលឿន វ៉ាក់នឹងម៉ូតូគេចបណ្តាលឲ្យក្រឡាប់រងរបួសបីនាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េ ២តោនកន្លះមួយគ្រឿង បើកបោះពួយយ៉ាងលឿន វ៉ាក់អើនឹងម៉ូតូបានបួងចង្កូតគេចធ្វើឲ្យរថយន្តក្រឡាប់បាស់ជើងច្រង៉ាង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃពុធ ១៤រោច ខែបមឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវភ្នំពេញហានណូយ ខាងមុខស្ថានីយប្រេងឥន្ទនៈតេលា ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួព្រូឡាន២នាក់ទៀត បានបើករថយន្តកូរ៉េ ២តោនកន្លះ ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-5362 ដឹកមី បើកតាមបណ្តោយផ្លូវភ្នំពេញហានណូយ ក្នុងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុបានវ៉ាក់អើនឹងម៉ូតូមួយគ្រឿងនៅខាងមុខ ក៏បួងចង្កូតគេចមកខាងស្តាំ បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង ។ ចំណែកតៃកុង និងព្រូរងរបួសស្រាល បានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានពិនិត្យឃើញថា មិនប៉ះពាល់ដល់អ្នកដទៃ និងទ្រព្យសម្បត្តិរដ្ឋ សមត្ថកិច្ចក៏យល់ព្រមឲ្យភាគីម្ចាស់ក្រុមហ៊ុនស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕ ជ្រោយពេជ្រ


ចែករំលែក៖