ព័ត៌មានទាន់ហេតុការណ៍៖

អេសស៊ីជី និងដៃគូបរិច្ចាគថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិកកម្ពុជា និងក្រុមហ៊ុនផ្គត់ផ្គង់របស់ក្រុមហ៊ុនអេសស៊ីជី (SCG) បានបង្ហាញឲ្យឃើញពីទឹកចិត្តរបស់ខ្លួនក្នុងការជួយគាំទ្រដល់ការលើកកម្ពស់សុខភាពរបស់កុមារតាមរយៈការបរិច្ចាគប្រាក់ចំនួន 12,000 ដុល្លារសហរដ្ឋអាមេរិកដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តកិច្ចប្រតិបត្តិការសង្គ្រោះជីវិតដល់កុមារនៅកម្ពុជា ។ ការប្រគល់នេះធ្វើឡើងកាលពីថ្ងៃទី ១២ខែកក្កដា ឆ្នាំ ២០១៨ នៅមន្ទីរពេទ្យគន្ធបុប្ផា ។

នេះជាឆ្នាំទីពីរហើយ ដែលបុគ្គលិក និងអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនអេសស៊ីជី បានធ្វើការបរិច្ចាគទឹកប្រាក់ដល់មន្ទីរពេទ្យដែលផ្ដល់សេវាមិនយកកម្រៃ និងល្បីឈ្មោះបំផុតនៅក្នុងប្រទេសកម្ពុជានេះ ។ យោងតាមក្រុមហ៊ុនអេសស៊ីជី ការបរិច្ចាគនេះគឺស្របតាមការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាជនដែលរស់នៅក្នុងប្រទេសដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម ។

លោក ស៊ុមវ៉ាង ម៉ានភីម៉ុនឆាយ (Somwang Manpimonchai) នាយកក្រុមហ៊ុនអេសស៊ីជីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនអេសស៊ីជី មានទឹកចិត្តចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ក៏ដូចជាជួយផ្ដល់នូវគុណភាពជីវិតកាន់តែប្រសើរដល់ប្រជាជន ។ ដូច្នេះហើយទើប ក្រុមហ៊ុន និងបុគ្គលិករបស់យើងមានទឹកចិត្តក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយលើកកម្ពស់គុណភាពជីវិតរបស់កុមារ និងក្រុមគ្រួសាររបស់គេ ហើយយើងសង្ឃឹមថា ការបរិច្ចាគនេះនឹងជួយរួមចំណែកដល់ការងារដ៏ធំធេង ដែលមន្ទីរពេទ្យកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជានេះ ។ ”

លោកគី សន់ទី ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផា បានថ្លែងអំណរគុណចំពោះការរួមចំណែកពីសំណាក់បុគ្គលិក របស់ក្រុមហ៊ុនអេសស៊ីជី និងអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនផងដែរ ។

លោក គី សន់ទី បានមានប្រសាសន៍ថា៖ “យើងបានមើលឃើញគម្រោងជាច្រើនដែលក្រុមហ៊ុនអេសស៊ីជីកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា ។ នៅថ្ងៃនេះ គឺជាពេលវេលាមួយដែលបង្ហាញឲ្យឃើញថា ពួកគាត់បន្តបង្ហាញទឹកចិត្តរបស់ខ្លួនក្នុងការជួយកែលម្អគុណភាពជីវិតកុមារកម្ពុជាដែលមានជំងឺ ហើយយើងសូមថ្លែងអំណរគុណសម្រាប់ការរួមចំណែករបស់អេសស៊ីជីដល់សង្គម” ។ ក្រុមហ៊ុនអេសស៊ីជីបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង 20 ឆ្នាំមកហើយ ហើយក្រុមហ៊ុនតែងគាំទ្រពេញទំហឹងចង់ឃើញសហគមន៍ដែលរីកចម្រើន តាមរយៈការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍សហគមន៍នានា ការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតឆ្នើមដែលក្រីក្រ និងការគាំទ្រដល់ការអភិវឌ្ឍន៍កីឡាក្នុងស្រុក ។ នៅឆ្នាំ 2017 អេសស៊ីជី ក៏បានជួយបរិច្ចាគទឹកប្រាក់ដល់សហព័ន្ធបាល់ទាត់កម្ពុជាដើម្បីជួយអភិវឌ្ឍកីឡាបាល់ទាត់សម្រាប់យុវជននៅក្នុងប្រទេសផងដែរ៕ វឌ្ឍនា


ចែករំលែក៖