ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នេះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ប្រមាណ ២,៥០០នាក់ បានមកជួបជុំគ្នាយ៉ាងសប្បាយរីករាយ នៅមុខបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ដើម្បីធ្វើការដង្ហែក្បួនយុទ្ធនាការលើកទី២ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្បួនយុទ្ធនាការឃោសនារកសម្លេងគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូន លោកយាយ លោកតា អ៊ុំ ពូ មីង យុវជន យុវនារី ដែលដឹកនាំក្បួនដោយ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ លោក ហែម អាន ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ។
ការដង្ហែរក្បួនលើកទី២ នៅព្រឹកនេះគឺទទួលបានលទ្ធផលយ៉ាងល្អប្រសើរទាំងកម្លាំងមហាជនចូលរួម ទាំងកម្លាំងមហាជនគាំទ្រតាមដងវិថីនានា ចំណុចគួរអោយកត់សំគាល់នោះ គឺនៅពេលដែលក្បួនឃោសនាឆ្លងកាត់ផ្សារ ឬលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ពួកគាត់បានស្ទុះស្ទារចេញមកស្វាគមន៍ បង្ហាញសមានចិត្ត ទឹកចិត្ត និងកាយវិការគាំទ្រក្នុងជំនឿជាក់យ៉ាងមុតមាំនូវការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
ដើម្បីបន្តនូវសន្តិភាព និងការអភិវឌ្ឍ គឺ គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅក្នុងសន្លឹកឆ្នោត និងធានាជូនបងប្អូនបាននូវសន្តិភាព និងការអភិវឌ្ឍបន្តទៅមុខរហូតតទៅ ។
ដោយឡែកក្នុងក្បួនឃោសនាគឺមិនអនុញ្ញាតឲ្យមានយានយន្តរបស់ស្ថាប័នរដ្ឋ ឬស្លៀកពាក់ឯកសណ្ឋានប្រដាប់អាវុធចូលរួមឡើយព្រោះខុចទៅនឹងច្បាប់ដែល គ ជ ប បានហាមឃាត់ ។
ក្នុងឳកាសនោះដែរ លោកសុខ ពេញវុធ ក៏បានសំដែងនូវការអរគុណដល់សមាជិកសមាជិកាបក្សក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមដង្ហែ និងអបអរសាទរក្នុងការដង្ហែក្បួនឃោសនាទទួលបានការគាំទ្រយ៉ាងពេញទំហឹងនឹកស្មានមិនដល់ដែលការអបអរនេះសបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជំនះភ្លូកទឹកភ្លូកដីនាអាណត្តិទី៦នេះ ៕ស តារា