ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសចូលម៉ាស្សាបាត់លុយ១១០០$ ទារពីម្ចាស់ហាងមិនឲ្យ ប្ដឹងសមត្ថកិច្ចនាំមកប៉ុស្ដិ៍ម្ចាស់ហាងប្រគល់លុយឲ្យហើយ ត្រូវជាប់ទោសទៀត

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ បានចូលទៅម៉ាស្សាក្នុងហាង ម៉ាស្សាបែបបុរាណខ្មែរ ស្ថិតនៅផ្លូវលេខ១១៣ កែងផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ហើយបានបាត់លុយចំនួន១១០០$ក្នុងហាងម៉ាស្សានោះ ទើបជនរងគ្រោះសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ដោះស្រាយឲ្យ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ។

យោងតាមសម្ដីជនរងគ្រោះជាជនជាតិចិនបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចូលមកម៉ាស្សានៅទីតាំងកើតហេតុខាងលើ រួចហើយបានចេញមកវិញ ដោយបានឆែកមើលក្នុងកាបូប ស្រាប់តែបាត់លុយចំនួន១១០០$ ។ ភ្លាមនោះរូបគាត់ក៏បានចូលទៅទាមទារលុយរបស់គាត់ដែលបាត់ក្នុងហាងនោះវិញ ស្រាប់តែម្ចាស់ហាងប្រកែកថាមិនបានយក និងស្របពេលបុគ្គលិកដែលម៉ាស្សាឲ្យជនរងគ្រោះផ្ទាល់បានគេចខ្លួនបាត់ទៅហើយ ។

បើតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់ហាងម៉ាស្សាខាងលើបានប្រាប់ឲ្យដឹងថា រូបគាត់មិនដឹងបុគ្គលិករបស់គាត់យកលុយភ្ញៀវនោះទេ តែរូបគាត់បានព្រមឲ្យលុយទៅជនរងគ្រោះចំនួន៥០០$ វិញ ព្រោះថាអាណិតជនរងគ្រោះគ្មានលុយជិះយន្តហោះទៅស្រុកកំណើតវិញ តែជនរងគ្រោះមិនព្រមទទួលយក ដោយចង់បានលុយដែលបាត់ឲ្យបានគ្រប់ចំនួន ។

ដោយជនរងគ្រោះមិនសុខចិត្ត ក៏សុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនជនរងគ្រោះ និងម្ចាស់ហាងម៉ាស្សាខាងលើចំនួន៣នាក់ ប្រុសម្នាក់/ស្រី២នាក់ យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដើម្បីសួរនាំរឿងហេតុនោះ ។ ចុងក្រោយ ម្ចាស់ហាងម៉ាស្សាខាងលើបានប្រគល់លុយគ្រប់ចំនួន១១០០$ដែលជនរងគ្រោះបាត់ឲ្យទៅម្ចាស់ដើមវិញ ។

ក្រោយមក សមត្ថកិច្ចបានឲ្យជនរងគ្រោះត្រឡប់ទៅវិញ តែម្ចាស់ហាងម៉ាស្សាខាងលើចំនួន៣នាក់ មានស្រី២នាក់ ប្រុសម្នាក់ ត្រូវបានជាប់ពាក់ព័ន្ធបណ្ដឹងអាជ្ញា ទើបសមត្ថកិច្ចកសាងសាណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖