ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្ដធុនធំបើកបុកបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលជាសន្ដិសុខយាមនៅអគ្គិសនីច្បារអំពៅ ត្រូវរថយន្ដកុងតឺន័រមួយគ្រឿងមិនស្គាល់ស្លាកលេខបើកបុកបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខផ្ទះលក់សំបកកង់រថយន្តមួយកន្លែង តាមកំណាត់ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពឈ្មោះ ហ៊ុន ស្រស់ អាយុ៣៩ឆ្នាំ មុខរបរ ធ្វើសន្តិសុខ យាមនៅអគ្គិសនីច្បារអំពៅ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅភូមិឃ្នួង ឃុំខ្នារឃ្នួង ស្រុករំដួល ខេត្តស្វាយរៀង ។

ប្រភពព័ត៌មានពីអ្នកភូមិនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះដើរតាមផ្លូវម្នាក់ឯង លុះដល់វេលាកើតហេតុខាងលើ មិនដឹងថា ជនរងគ្រោះមានបំណងដើរទៅណាទេ ក៏បានដើរឆ្លងផ្លូវ ដោយមិនបានប្រុងប្រយ័ត្ន ហើយណាមួយផ្លូវមានសភាពងងឹងខ្លាំងផង ស្រាប់តែមានរថយន្ដកុងតឺន័រធុនធំមួយគ្រឿង ដែលប្រជាពលរដ្ឋអះអាងថា ជារថយន្តកុងតឺន័រ (តែមិនចាំស្លាកលេខទេ) ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ទៅបុកចំជនរងគ្រោះខ្ទាតផ្លោងបោកទៅលើថ្នល់ បែកក្បាលស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុតែម្ដង ។ ក្រោយពីបង្កហេតុភ្លាម រថយន្ដបង្កបានបន្ថែមល្បឿនបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង ។

សមត្ថកិច្ចបានបន្ថែមឲ្យដឹងថា នៅលើខ្លួនជនរងគ្រោះ សមត្ថកិច្ចនិងប្រជាពលរដ្ឋ ឃើញមានទូរស័ព្ទមួយគ្រឿង ដែលជាការងាយស្រួលក្នុងការទាក់ទងស្វែងរកសាច់ញាតិ ។ ក្រោយមកបានយកទូរស័ព្ទរបស់ជនរងគ្រោះ មករកលេខទាក់ទងទៅរកសាច់ញាតិបានហើយ រួចរៀបរាប់ប្រាប់ពីដំណើររឿង ទើបសាច់ញាតិជនរងគ្រោះ ធ្វើដំណើរចេញមក កន្លែងកើតហេតុ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថិកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចឲ្យរថយន្តដឹកសពរៀបចំទុកលើរថយន្តដឹកសពបណ្ដោះអាសន្នសិន ដោយរង់ចាំសាច់ញាតិជនរងគ្រោះមកដល់កន្លែងកើត ដើម្បីធ្វើរបាយការណ៍ប្រគល់សពបន្តឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖