ខេត្តកណ្ដាលៈ នគរបាលស្រុកអង្គស្នួលចាប់ខ្លួនយុវជនសង្ស័យម្នាក់ ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចគាស់ទ្វាររថយន្ដរបស់បុរសម្នាក់ជានាយកមជ្ឈមណ្ឌល សរណំ ដើម្បីយកទ្រព្យសម្បត្ដិ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងមជ្ឈមណ្ឌល សរណំ ស្ថិតក្នុងភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា យុវជនសង្ស័យចាប់ខ្លួនបានមានឈ្មោះទែន តាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោល ឃុំទួលព្រេជ ស្រុកង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ មាស សារ៉ាន់ ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរនាយកមជ្ឈមណ្ឌល សរណំ មានទីលំនៅផ្ទះលេខ៤៦២B ផ្លូវ៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ កុំព្យូទ័រលែបថប១គ្រឿង ,សែកចំនួន១០ក្បាល ,កាបូបដាក់ឯសារចំនួន៥ ,ត្រាមជ្ឈមណ្ឌលចំនួន១ ,ទូរស័ព្ទដៃចំនួន១គ្រឿង ,កូនកាំបិតចិតបន្លែចំនួន២ ,ដាវចំនួន១ដើម និងស្បែកជើងផ្ទាត់ប្រភេទក្រណាត់១គូរ រីឯទ្រព្យសម្បត្ដិបាត់បង់មានប្រាក់រៀលចំនួន១លានរៀល និងលិខិតឆ្លងដែនចំនួន២ក្បាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ ជនរងគ្រោះបានជិះរថយន្ដរបស់ខ្លួនមកមជ្ឈមណ្ឌល សរណំ រួចចតនៅខាងមុខ ដោយពុំបានចាក់សោរទ្វាររថយន្ដឲ្យបានត្រឹមត្រូវនោះទេ រួចជនរងគ្រោះក៏ដើរចូលទៅដេកក្នុងបន្ទុបបាត់ទៅ ។ លុះភ្លឺឡើងថ្ងៃទី១៤ ខែ/ឆ្នាំដដែល ជនរងគ្រោះក្រោកពីដេកក៏ទៅមើលរថយន្ត ក៏ស្រាប់តែបាត់ទ្រព្យសម្បត្ដិរបស់ខ្លួនដូចបានរៀបរាប់ខាងលើ ក៏មានការភ្ញាក់ផ្អើលដើររកមើលជុំវិញរថយន្ដនិងទីធ្លារក្នុងមជ្ឈមណ្ឌល បានរកឃើញដាវចំនួន១ដើម ,កូនកាំបិតចិតបន្លែចំនួន២ ,ស្បែកជើងក្រណាត់១គូរ និងមាន់ងាប់ចំនួន២ក្បាលផងដែរ ។ ដោយជនរងគ្រោះស្គាល់វត្ថុតាងជារបស់ជនសង្ស័យឈ្មោះ ទែន តាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ភ្លាមនោះក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលព្រេជ ដើម្បីចាប់ខ្លួនជនសង្ស័យ ។
ក្រោយពីសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលទួលព្រេជទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ភ្លាមនោះសមត្ថកិច្ចក៏បានចាប់ខ្លួនយកមកប៉ុស្ដិ៍ដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច យុវជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចបើកទ្វារថយន្ដលួចយកទ្រព្យសម្បត្ដិរបស់ជនរងគ្រោះប្រាកដមែន ហើយខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនអស់រយះពេល៣ឆ្នាំមកហើយ ក្រោយមកទៀតខ្លួនក៏បានដើរលួចសត្វមាន់និងទាក្នុងភូមិដើម្បីលក់យកលុយទិញថ្នាំញៀនប្រើប្រាស់ ៕ស្អាងជ័យ