ភ្នំពេញ ៖ សាលាខណ្ទព្រែកព្នៅរៀបក្បួនឃោសនារកសំឡេងគាំទ្ររបស់គណបក្សប្រជាជនកម្ពុជារបស់ខណ្ឌព្រែកព្នៅ បានចាប់ផ្តើមដង្ហែក្បួនឃោសនាដ៏ធំក្នុងមូលដ្ឋានធ្វើឲ្យមានការអបអរសាទរយ៉ាងខ្លាំងក្លាពីសំណាក់មហាជន និងសមាជិកគណបក្សប្រជាជនខណ្ឌទាំងអស់ផងដែរ ។
យោងតាមប្រសាសន៍លោកសុខ សម្បត្តិប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងជាអភិបាលនៃគណៈអភិបាលខណ្ឌបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ គណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅបានជួបជុំសមាជិក សមាជិកាបក្សជិត២០០០នាក់ ក្បួនរថយន្តចំនួន៦៥គ្រឿង និងម៉ូតូ៥២០គ្រឿងដើម្បីដង្ហែក្បួនឃោសនាធំក្នុងមូលដ្ឋានចាប់ពីម៉ោង៧ព្រឹករហូតដល់ថ្ងៃត្រង់ឈប់សម្រាកញាំបាយ និងបន្តដង្ហែក្បួនបន្តចាប់ពីម៉ោង៣រសៀលដល់យប់តែម្តងទើបឈប់ ។
លោកបន្តថា បើតាមចំនួនសមាជិកបក្សដែលមានក្នុងមូលដ្ឋានខណ្ឌគឺមានច្រើនលើសលប់ប៉ុន្តែទុកមួយចំនួនធំសម្រាប់ចុះធ្វើការណែនាំដល់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យចេះគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះ ។ ក្នុងក្បួនឃោសនាគឺមិនអនុញ្ញាតឲ្យមានយានយន្តរបស់ស្ថាប័នរដ្ឋ ឬស្លៀកពាក់ឯកសណ្ឋានប្រដាប់អាវុធចូលរួមឡើយព្រោះខុសទៅនឹងច្បាប់ដែល គ ជ ប បានហាមឃាត់ ។
លោកសុខ សម្បត្តិក៏បានសំដែងនូវការអរគុណដល់សមាជិកសមាជិកាបក្សក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមដង្ហែ និងអបអរសាទរក្នុងការដង្ហែក្បួនឃោសនាទទួលបានការគាំទ្រយ៉ាងពេញទំហឹងនឹកស្មានមិនដល់ដែលការអបអរនេះសបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជំនះភ្លូកទឹកភ្លូកដីនាអាណត្តិទី៦នេះ ៕ ធឿនព្រែកជ័យ