ខេត្តឧត្ដរមានជ័យ ៖ បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុ បាននឹងកំពុងកើតមាននៅតាមបណ្តាខេត្តមួយចំនួន ជាពិសេស ខេត្តជាប់មាត់សមុទ្រ បណ្តាលឲ្យមានភ្លៀង និងព្យុះ ខណៈដែលអាជ្ញាធរខេត្តជាប់ភ្នំ ក៏កំពុងមានការ យកចិត្តទុកដាក់បង្កាបញ្ហានេះដែរ។
មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ដែលជាខេត្តមានទីតាំងជាប់ជួរភ្នំ បានផ្សព្វ ផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេស ពលរដ្ឋកំពុងរស់នៅតាមតំបន់ព្រំដែនដាច់ ស្រយាល ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅរយៈពេលប៉ុន្មានថ្ងៃនេះ អាកាសធាតុ បាននឹងកំពុងមាន ការប្រែប្រួលមិនទៀងទាត់ ជូនជាមានភ្លៀងធា្លក់លាយឡំនឹងខ្យល់កន្ត្រាក់ នៅតាមបណ្តាមូលដ្ឋានស្រុក មួយចំនួនរបស់ខេត្ត ក៏ដូចជាតាមបណ្តាខេត្តនានាផ្សេងៗទៀតផងដែរ។
លោក ញើន គួន ប្រធានមន្ទីរធនធានទឹក បានបញ្ជាក់ថា រយៈពេលនេះ នៅតាមបណ្តាខេត្តស្រុក ជាប់សមុទ្រនិងស្ទឹងបឹងបួរជាច្រើន បាននឹងកំពុងតែទទួលរងនូវសម្ពាធទឹកភ្លៀងធា្លក់យ៉ាងជោគជាំជារៀង រាល់ថ្ងៃ ហើយកន្លែងខ្លះក៏ពុំបានទទួលទឹកភ្លៀងធា្លក់ស្រោចស្រព បានគ្រប់គ្រាន់ដែរ នោះដោយសារតែ កត្តាអាកាសធាតុ វាមិនអំណោយផល មានការប្រែប្រួលមិនទៀងទៅតាមពេលវេលា ដូច្នេះប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុនេះ ដែលតែងគ្រប់ដណ្តប់មកលើខេត្តឧត្តរមានជ័យផងដែរ ធ្វើឲ្យមានភ្លៀងធា្លក់ ឬក៏ខ្យល់កន្ត្រាក់ កើតឡើង។
លោក បានបញ្ជាក់ថា បើតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម អាកាសធាតុនៅតែបន្តមានភ្លៀងធា្លក់រាយប៉ាយនៅតាមបណ្តាខេត្តស្រុកមួយចំនួនទៀត រហូតដល់ថ្ងៃទី១៨ ខែកក្កដា នេះ ៕ ប៉ែន នួន