នៅថ្ងៃទី១៥ ខែកក្កដា អាមេរិក និងកូរ៉េខាងជើងបានជួបពិភាក្សាគ្នាស្តីពីការប្រគល់ អដ្ឋិធាតុទាហានអាមេរិក ដែលបានស្លាប់នៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េ ឆ្នាំ១៩៥០-១៩៥៣។
សារព័ត៌មានយុនហាប់បានដកស្រង់សម្តីមន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា ជំនួប រវាងអាមេរិកនឹងកូរ៉េខាងជើង ស្តីពីការ ប្រគល់អដ្ឋិធាតុទាហានអាមេរិក ដោយ ជំនួបនោះធ្វើឡើងនៅភូមិ Panmunjom ។ រថយន្ត៣គ្រឿងបានដឹកមន្ត្រីអាមេរិក ឆ្ពោះ ទៅកាន់ស្ពាន Tongil ជិតព្រំដែនប្រទេស ទាំងពីរ កាលពីវេលាម៉ោង៨ និង២០នាទី ព្រឹក ថ្ងៃទី១៥ ខែកក្កដា ដើម្បីឆ្ពោះទៅកាន់ តំបន់ Panmunjom ។
តាមសារព័ត៌មានយុនហាប់កិច្ចពិភាក្សា នៅថ្ងៃទី១៥ ខែកក្កដា នឹងផ្តោតទៅលើ ពេលវេលា និងវិធីដែលត្រូវប្រគល់អដ្ឋិធាតុទាហានអាមេរិកឲ្យភាគីអាមេរិកវិញ។ ក្រៅ ពីនេះកូរ៉េខាងជើង អាចលើកឡើងពី លក្ខណៈមួយចំនួនមកពិភាក្សា ក្នុងនោះមានទាំងបទឈប់បាញ់កាលពីឆ្នាំ១៩៥៣ បញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េ ដោយកូរ៉េខាងជើងស្នើឲ្យមានសន្ធិសញ្ញាសន្តិភាព។
កន្លងមកកូរ៉េខាងជើង និងអាមេរិក បានឡើងគម្រោងពិភាក្សាស្តីពីការប្រគល់ធាតុអដិ្ឋទាហាន ប៉ុន្តែកូរ៉េខាងជើងប្តូរ ពេលវេលាដោយមិនឲ្យភាគីអាមេរិកដឹកមុន ធ្វើឲ្យមន្ត្រីអាមេរិកទៅរង់ចាំនៅតំបន់ព្រំដែន។ ក្រោយមកទើបកូរ៉េខាងជើង ផ្តល់ព័ត៌មានស្តីពីការលើកពេល មកថ្ងៃទី ១៥ ខែកក្កដា វិញ។
តាមចំណុចទី៤ នៅក្នុងសេចក្តីប្រកាស រួម ក្រោយកិច្ចប្រជុំរវាងប្រធានាធិបតី ដូណាល់ ត្រាំ នឹងគីម ជុងអ៊ុន កាលពីថ្ងៃ ទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី កូរ៉េ ខាងជើង បានសន្យាប្រគល់អដ្ឋិធាតុ ទាហានអាមេរិកវិញ។
មានទាហានអាមេរិកជាង ៣៦.៥០០ នាក់ ស្លាប់នៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េ។ តាមតួលេខរបស់ទាហានអាមេរិកបាន បញ្ជាក់ថា មានទាហានអាមេរិក ៧.៧០០ នាក់ បាត់ខ្លួននៅក្នុងសង្រ្គាម ឧបទ្វីបកូរ៉េ ក្នុងនោះ ៥.៣០០នាក់ បានបាត់ខ្លួននៅ ក្នុងទឹកដីកូរ៉េខាងជើង៕ ម៉ែវ សាធី