ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រវ័យក្មេង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលយករូបនិងព្រះរាជតួនាទីអង្គព្រះមហាក្សត្រជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត មកឃោសនាថាជា «នយោបាយទុច្ចរិតផ្ទាល់ខ្លួន សម រង្ស៊ី» ដែលមិនអាចទទួលយកបានទេ។
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ សម រង្ស៊ី បានយករូបព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បង្កើតជាសារនយោបាយបម្រើឲ្យយុទ្ធនាការរារាំងប្រជាជនកុំឲ្យទៅបោះឆ្នោត។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ «តើវាជារឿងត្រឹមត្រូវទេ ដែលអ្នកនយោបាយរូបនេះយកអង្គព្រះមហាក្សត្រជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត មកបម្រើនយោបាយទុច្ចរិតផ្ទាល់ខ្លួនរបស់គាត់នោះ?»។
លោក ហ៊ុន ម៉ានី បន្តថា៖ «នេះជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត ហើយបើអាចបញ្ឈប់វាបាន ល្មមបញ្ឈប់ហើយ។ លោកនៅមានល្បិចច្រើនទៀតដែលអាចធ្វើបាន ដោយលោកមិនគួរយកអង្គព្រះមហាក្សត្រជាទីសក្ការ:របស់យើង មកពាក់ព័ន្ធនឹងគម្រោងនយោបាយដ៏អាក្រក់បំផុតរបស់លោកនោះឡើយ»៕ សុខ ខេមរា