ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿន ស្របពេលដែលរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រកំពុងបត់ឆ្លងផ្លូវ ក៏ចាន់ហ្វ្រាំងបង្ខំបណ្ដាលឲ្យដួលអូសទៅបុកពីចំហៀងរថយន្ត និងចូលក្រោមរថយន្តគៀបជាប់តែម្ដង ចំណែកយុវជនពីរនាក់ដែលជិះម៉ូតូ បានរងរបួសធ្ងន់ទាំងពីរ ត្រូវបានរថយន្តសាមុយដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខរោងចក្រ តាលាវ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះ គេឃើញរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស គ្មានស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ រថយន្តខាងលើក៏បានបត់ឆ្លងផ្លូវត្រឡប់ក្រោយវិញ ។ ភ្លាមៗនោះ ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ុគីនិច ពណ៌សលាយក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-5732 បានជិះឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ហើយមិនប្រយ័ត្នបានចាប់ហ្វ្រាំងបង្ខំ បណ្ដាលឲ្យម៉ូតូដួលអូសទៅបុកពីចហៀងរថយន្ត និងគៀបជាប់ខាងក្រោមតែម្ដង បណ្ដាលឲ្យរងការខូចខាតទាំងរថយន្ត និងម៉ូតូយ៉ាងដំណំ ។ ចំណែកឯយុវជន២នាក់ដែលជិះម៉ូតូវិញ បានដេកដួលនៅលើផ្លូវ រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យចុះមកដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុ កម្លាំងសមត្ថច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌ បានចុះមកសហការគ្នាវាស់វែង យករថយន្ត និង ម៉ូតូ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ ៕ ភារ៉ា ដង្កោ