ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងធុនធំបើកទាក់ខ្សែភ្លើងបណ្តាលឲ្យបាក់បង្គោលភ្លើងមួយដើមនឹងរបួសបុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសណ្តោងធុនធំដឹកគ្រឿងម៉ាស៊ីនស្ទូច និងរន្ទាដែកខ្ពស់ទៅទាក់ខ្សែភ្លើងដែលអូសកាត់ទទឹងផ្លូវដាច់ធ្លាក់ទាក់បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បាក់រំលំដល់ដី និងបណ្តាលឲ្យបុរសម្នាក់ជិះម៉ូតូមកពីក្រោយទាក់ដួលរងរបួស ។

ហេតុការណ៍នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីម៉ោងជា១១យប់ ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវហាណូយកែង និងផ្លូវដីថ្មី ខាងត្បូងផ្សារដីហុយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ជាប្រភេទរថយន្តសណ្តោងដឹកគ្រឿងចាក់ម៉ាស៊ីស្ទូច និងជើងរន្ទាដែក ពាក់ស្លាកលេខ កណ្តាល 3A-1098 ដោយធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈមកដល់ចំណុចដោយរថយន្ត ដឹកខ្ពស់ពេកក៏បណ្តាលឲ្យទាក់នឹងខ្សែភ្លើងដែលអូសកាត់ទទឹងផ្លូវដាច់ធ្លាក់ទៅទាក់ និងបង្គោលភ្លើងបំភ្លឺផ្លូវដែលនៅសួនច្បារមួយដើមបាក់ដួលដល់ដី និងស្របពេលនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-2460 ដែលបើកបរដោយបុរសម្នាក់មកពីក្រោយទាក់កនឹងខ្សែភ្លើងបណ្តាលឲ្យដួលរងរបួសស្រាល ។ ភ្លាមៗនេះរថយន្តបង្កបានព្យាយាមបើករត់គេចទៅបានប្រមាណ១០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានដែលកំពុងជិះល្បាតឃើញស្ទាក់ឃាត់តែម្តង ។

បន្ទាប់ពីកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖