ខេត្តកណ្ដាលៈ រថយន្ដប្រភេទស៊ីទែនដឹកប្រេងសាំង និងម៉ាស៊ូតមួយគ្រឿងបើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដមួយគ្រឿងទៀតដឹកឥដ្ឋបើកដោយល្បឿនលឿនឈប់មិនទាន់ បានបុកពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដដឹកប្រេងសាំងក្រឡាប់ផ្ងារជើងឡើងលើហូរប្រេងអស់ជាច្រើនលីត្រ និងធ្វើឲ្យរថយន្ដទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិ លេខ៦ ចន្លោះគីឡូមែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា រថយន្ដប្រភេទស៊ីទែនដឹកប្រេងសាំង និងម៉ាស៊ូតម៉ាកអ៊ីស៊ុយស៊ុយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-8523 បើកបរដោយ ឈ្មោះ ហែម បូរ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្ដាល ។ ចំណែករថយន្ដមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-1610 (រថយន្ដដឹកឥដ្ឋ) បើកបរដោយឈ្មោះ អូន ធឿន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិកោះតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកអ៊ីស៊ុយស៊ុយ ជាប្រភេទរថយន្ដដឹកប្រេងសាំងបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកក៏បានបត់ឆ្វេងឆ្លងផ្លូវទៅទិសខាងលិច ស្របពេលនោះក៍មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ដឹកឥដ្ឋ ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយល្បឿនលឿនក៏ឈប់មិនទាន់ជាន់ហ្រ្វាំងមិនជាប់ បានមកបុករថយន្តអ៊ីស៊ុយស៊ុយ ប្រភេទស៊ីទែនដឹកសាំងពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដដឹកសាំងក្រឡាប់ផ្ងារជើងឡើងលើ និងធ្វើការខូចខាតរថយន្ដទាំង២គ្រឿងយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះធ្វើឲ្យអ្នកបើកបរទាំង២នាក់ទទួលរងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកបានចុះមកធ្វើការពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួចកសាងសំណុំរឿងដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីខាងលើនេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាកអ៊ីស៊ុយស៊ុយប្រភេទស៊ីទែនដឹកសាំងបត់ឆ្វេងខ្វះ ការប្រុងប្រយ័ត្ន រីឯរថយន្តហ៊ីយ៉ាន់ដាយបើកបរដោយល្បឿនលឿនលើផ្លូវបំបែកជាបី ទើបបានជាបុកពេញមួយទំហឹងបែបនេះ ៕ ស្អាងជ័យ