ក្រុមរហស្សនាម ញញួរធំWest Ham United របស់អង់គ្លេសបានបំបែកកំណត់ ត្រារបស់ខ្លួនដោយចំណាយលុយរហូតដល់ទៅ៤០លានផោនដើម្បីទិញខ្សែបម្រើប្រយុទ្ធ Felipe Anderson ពីក្រុមLazio របស់អ៊ីតាលី។
ខ្សែបម្រើសញ្ជាតិប្រេស៊ីល Felipe Andersonបានចុះកិច្ចសន្យាលេងឲ្យ West Ham រយៈពេល៤ឆ្នាំ។ គាត់បាននិយាយថា “ខ្ញុំពិតជារីករាយនិងពេញចិត្តណាស់ពេលមកកាន់West Ham United។ ញញួរធំគឺជាក្លិបល្បីល្បាញយូណាស់មកហើយ ដែលមានកីឡាករល្អៗធ្លាប់លេងជាមួយដូចជាBobby Moore, Carlos Tevez និង Paolo Di Canioជាដើម។ ខ្ញុំអាចនិយាយបានថាសុបិន្តរបស់ខ្ញុំបានក្លាយទៅជាការពិតហើយ ពិសេសខ្ញុំសូមអរគុណដល់ម្ចាស់ក្លិបលោកDavid Sullivan ដែលបានខ្នះខ្នែង នាំយករូបខ្ញុំពីប្រទេសអ៊ីតាលីមក” ។
Anderson រកបាន៣៤គ្រាប់ក្នុងចំណោម១៧៧ប្រកួតសម្រាប់ Lazio ពីឆ្នាំ២០១៣ដល់ ដាច់រដូវកាល២០១៧-១៨ និងជាសមាជិកក្រុមជម្រើសជាតិU23ប្រេស៊ីល ដែលបានឈ្នះមេដាយមាសអូឡាំពិក២០១៦។ ខ្សែបម្រើប្រយុទ្ធខាងលើផ្ដើមអាជីពនៅ Santos ក្នុងឆ្នាំ២០១០ដោយចូលលេងក្នុងក្រុមធំក្នុងវ័យ១៧ឆ្នាំ និងបានជួយក្លិប ប្រេស៊ីលមួយនេះឈ្នះជើងឯក Copa Libertadores មុនមកចូលរួម Lazio ក្នុងឆ្នាំ២០១៣។
កីឡាករ Anderson បានក្លាយជាសមាជិកថ្មីទី៧របស់ West Ham ក្នុងរដូវក្ដៅនេះ ក្រោមការដឹកនាំរបស់លោក Manual Pellegrini បន្ទាប់ពីការមកដល់របស់ខ្សែការពារប៉ារ៉ាយហ្គាយ Fabian Balbuena, ខ្សែបម្រើអង់គ្លេស Jack Wilshere ខ្សែប្រយុទ្ធអ៊ុយក្រែន Andriy Yarmolenko, អ្នកចាំទីប៉ូឡូញ Lukasz Fabianski ខ្សែការពារអង់គ្លេស Ryan Fredericks និងខ្សែការពារបារាំង Diop៕