ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ បានដើររអិលជើងដួលបោកក្បាលចូលខ្សែពានម៉ាស៊ីនភ្លើងស៊ីឈ្នួលសាកអាគុយបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗ នៅ ថ្ងៃ អាទិត្យ ៣ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៨នៅក្រុមទី១ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលស្រុកថ្មគោលបានឲ្យដឹងថា នៅក្រុមទី១ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានស្ត្រីឈ្មោះ តើក ប៉ិច ភេទស្រីអាយុ៥២ឆ្នាំ មុខរបរជាអ្នករកស៊ីសាកអាគុយនៅផ្ទះចំណុចកើតហេតុខាងលើ បានដើររអិលជើងដួលបោកក្បាលចូលខ្សែពានម៉ាស៊ីនភ្លើងសាកអាគុយ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសលវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ដើររអិលជើងដួលបោកក្បាលចូលខ្សែពានម៉ាស៊ីនភ្លើងប្រាកដមែន រួចបានប្រគល់សពស្ត្រីរងគ្រោះទៅឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕ សហការី