ខេត្តស្វាយរៀងៈ គូដណ្តឹងប្រុសស្រី២នាក់ ខណៈផឹកស្រាស្រវឹងជោក ហើយលាត្រឡប់មកផ្ទះត្រូវបានមិត្តភក្តិឃាត់ឲ្យសម្រាន្តមួយយប់ប៉ុន្តែមិនព្រមស្ដាប់ទាញម៉ូតូជិះបានពាក់កណ្តាលផ្លូវ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូសន្លប់ស្តូកកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវលំ នៅក្នុងភូមិពោថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា គូដណ្ដឹង២នាក់ដែលរងរបួសមានឈ្មោះឡុង សុធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅខាងកើតផ្សារជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ ឡឹក លីដាអាយុ ១៨ឆ្នាំ មានទីលំនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
តាមមិត្តភក្តិ្តជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគូដណ្ដឹង២នាក់បានមកលេងផ្ទះរបស់ខ្លួនហើយ ក៏មានពិធីជប់លៀងផឹកស៊ីបន្តិចបន្តួចលក្ ខណៈគ្រួសារតាំងពីព្រឹកមកម្ល៉េះ ។
ប្រភពបន្តថាក្រោយពីផឹកស្រវឹងរៀងៗខ្លួនរួចមកវេលាម៉ោង៣និង៤០នាទីរសៀលជនរងគ្រោះទាំង២នាក់ ក៏សុំលាត្រឡប់ទៅផ្ទះប៉ុន្តែត្រូវគាត់បានហាមឃាត់ថាស្រវឹងហើយកុំជិះម៉ូតូនាំឲ្យមានគ្រោះថ្នាក់សម្រាន្តផ្ទះមួយយប់សិនចាំព្រឹកឡើងសិន ក៏ហួសពេលដែរ ។
ប្រភពបន្តថា មួយសន្ទុះក្រោយមកស្រាប់តែបុរសជាគូដណ្ដឹងបាននិយាយថា សម្រាន្តមិនបានទេ ព្រោះមានការងាររវល់ទើបទាញម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះទាំងអាការស្រវឹង ប៉ុន្តែស្រាប់តែជិះចេញបាន១០នាទី ក៏មានការភ្ញាក់ផ្អើលថា ជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូរេចង្កូតដួលបណ្ដាលឲ្យរងរបួសតែម្ដង ។
ក្រោយមកជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ច នគរបាលនិងប្រជាពលរដ្ឋ ជួយ រាយការណ៍ហៅរថយន្តសាមុយដឹកយកទៅស្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗផងដែរ ៕ យឹម សុថាន