ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ មន្ត្រីជំនាញនៃមន្ទីរ សាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញនិងអាជ្ញាធរដែនដី ត្រូវបន្តការងារបុកស៊ីផាយ ចាក់ដីបំពេញ ដើម្បីប្រគល់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅប្រឡាយស្ទឹងមានជ័យ ជំហានទី២ និងជំហានបន្តបន្ទាប់ទៀតខណៈជំហានទី១បានបញ្ចប់ ដោយបានប្រគល់ដីជូនប្រជាពលរដ្ឋរួចរាល់ហើយនោះ ។
ការជំរុញរបស់លោកឃួង ស្រេង បែបនេះបានធ្វើឡើង កាលពីល្ងាចថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិង ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការស្តារ ការស្ថាបនា ការចាក់ដីបំពេញដើម្បីចែកជូនប្រជាពលរដ្ឋរស់នៅតាម ប្រឡាយស្ទឹងមានជ័យអោយបានលឿនទៅតាមគម្រោងដែលបានគ្រោងទុក ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការងាររៀបចំកែលម្អប្រឡាយស្ទឹងមានជ័យ បាននឹងកំពុងទទួលការអបអរសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសគឺបងប្អូនរស់នៅទីតាំងប្រឡាយនេះតែម្តងព្រោះបានទទួលនូវប្រឡាយស្អាត ផ្លូវល្អ ភ្លើង-ទឹកគ្រប់គ្រាន់ ពិសេសគឺផ្ទះសំបែងត្រឹមត្រូវ ។ ក្នុងនោះអភិបាលរាជធានី លោកបានផ្តាំផ្ញើរ ដល់ជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការក សាងសង់ប្រឡាយបេតុងស្ទឹងមានជ័យនេះឱ្យបានឆាប់រហ័សទាំងគុណភាព និងប្រសិទ្ធភាពការអនុវត្តការងារ ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងក្រោយកិច្ចប្រជុំនេះថា ការដ្ឋានប្រឡាយស្ទឹងមានជ័យនេះ ក្នុងជំហានទី១ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារ ដោយបានចាក់ដីបំពេញនៅមាត់ប្រឡាយព្រមទាំងផ្តល់កម្មសិទ្ធិ ដីទំហំ៤គុណនឹង៦ម៉ែត្រជូនប្រជាពលរដ្ឋបានបានជាង១០០គ្រួសារហើយនៅសល់៤១០គ្រួសារឬក្បាល ដីក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ ចំនួន៥៧៣ គ្រួសារ ។
លោកម៉េត មាសភក្តីបានបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីតំបន់ព្រលានយន្តហោះភ្នំពេញ ហូរនាំទឹកទំលាក់ចូលមកប្រឡាយស្ទឹងមានជ័យនេះ ទើបបន្តហូរទំលាក់បន្តទៅបឹងទំពុន ។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ។
លោកជូ គឹមទ្រី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងផងដែរថា ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យនេះ ក្នុងជំហានទី១នេះ យើងអនុវត្តការងារលើការបុកស៊ីផាយបានសម្រេចប្រវែង២២៦ម៉ែត្រសងខាងហើយ ក្នុងប្រវែងសរុបចំនួន៣២៨ម៉ែត្រសងខាង ក្នុងនោះក្រុមការងារក៏បានដាក់លូប្រអប់បាន៥៣កង់ ។ ក្រោយបញ្ចប់ជំហានទី១នេះ យើងនឹងបន្តបុកស៊ីផាយជំហានទី២ទៀត ដែលមានប្រវែង២៥២ម៉ែត្រសងខាង ។
សូមបញ្ជាក់ថា៖ នៅតំបន់ប្រឡាយស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យមានប្រវែង១៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល ឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៧៣គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង ៕ សំរិត