ខេត្តពោធិ៍សាត់៖ សាកសពប្រជានេសាទម្នាក់ត្រូវបានក្រុមគ្រួសារអះអាងប្រាប់អាជ្ញាធរមានសមត្ថកិច្ច បណ្ដាលមកពីលង់ទឹកបឹងទន្លេសាបបន្ទាប់ពីបានបាត់ខ្លួនអស់ជាច្រើនម៉ោង នៅគ្រាដែលជនរងគ្រោះទៅលើកល្បាំងលបត្រីទាំងស្រវឹងស្រាជាប្រចាំផងនោះ ។
ហេតុការណ៍ប្រទះឃើញសាកសពអណ្ដែតទឹកខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង០០នាទីល្ងាច ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចល្បាំងលបចាប់ត្រី(តាគី) ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ជៀម ប៊ុនធឿន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ម៉ា សាវឿន អាយុ ៣៣ឆ្នាំ និងកូនប្រុសស្រីចំនួន៣នាក់ក្នុងបន្ទុកគ្រួសារ ។
ក្នុងរបាយការណ៍នោះបន្តថា យោងតាមការរាបរបពីក្រុមគ្រួសារសាច់ញាតិនៃសព (ជនរងគ្រោះ)បានចេញដំណើរពីផ្ទះក្នុងគោលបំណងទៅលើកល្បាំងលបត្រីនៅចំណុចខាងលើ តាំងពីរសៀលថ្ងៃទី១៧មុនប្រទះឃើញសាកសពមួយមកម្ល៉េះ ប៉ុន្តែមិនបានរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ លុះនៅវេលាម៉ោងខាងលើ ស្រាប់តែប្រទះឃើញសាកសពអណ្ដែតទឹកបែបនេះ ម្យ៉ាងទៀតជនរងគ្រោះធ្លាប់ផឹកស្រាស្រវឹងជោគជាំជាប្រចាំផងដែរ ដូច្នេះអាចស្លាប់បណ្ដាលមកពីលង់ទឹកខណៈគាត់ស្រវឹងស្រាខ្លាំង ។
របាយការណ៍ដដែលបន្តទៀតថា ក្រោយសមត្ថកិច្ចស្ថាប័នជំនាញសហការគ្នាចុះស្រាវជ្រាវ និងធ្វើការពិនិត្យមិនឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ជាប់ពាក់ព័ន្ធក្នុងករណីអំពើរឃាតកម្មរួចមកនោះ ក៍បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រណីពៃ៕ ប៉ឹម ពិន