ភ្នំពេញ ៖ ករណីទុស្សេឆេះខ្សែភ្លើងនៅតាមបង្គោលភ្លើង ក្នុងរាជធានីភ្នំពេញ កើតឡើងជាញឹកញាប់ពេកទៅហើយដែល បង្កឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ខ្លាចបំផុត និងអាចរាលដាលដល់លំនៅដ្ឋាន ខណៈដែលវិធីសាស្រ្ត បង្កា កុំឲ្យកើតមានទុស្សេ មិនទាន់មាននៅឡើយ មកដល់វេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
ប៉ុន្តែ សារជាថ្មីទៀតហើយ បញ្ហាទុស្សេ ឆេះខ្សែភ្លើងលើបង្គោល ជាក្តីព្រួយបារម្ភ ខណៈដែលនៅកៀកលំនៅឋាន បង្កឲ្យផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងរបស់សាលាខណ្ឌឫស្សីកែវ ទៅជួយអន្តរាគមន៍ ដល់កន្លែងកើតហេតុ បាញ់លើបង្គោលភ្លើងលេខ ២៩៦ ផ្លូវជាតិលេខ៥ មុខផ្ទះគ្មានលេខក្រុម៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ខ្សែភ្លើង ខ្សែកាប ចម្រុះបំពាក់តាមបង្គោលភ្លើងមានសភាព មិនចាញ់សំបុកពីងពាង រញ៉េរញ៉ៃ ស្រាប់តែនៅវេលាម៉ោងខាងលើ បង្គោលភ្លើងលេខខ២៩៦ ត្រង់ចំណុចខាងលើ មិនដឹងថា មូលហេតុយ៉ាងម៉េច បានជាធំក្លិនឈ្ងៀម ហើយហុយផ្សែងខ្មួលតែម្តង ចេញជាអណ្តាតភ្លើងឆាបឆេះ ទើបបង្កឲ្យពលរដ្ឋមានលំនៅដ្ឋានក្បែរនោះភ័យស្លន់ ខ្លាចរាលដល់ផ្ទះ ពលរដ្ឋស្រវាបានបំពង់ពន្លត់អគ្គីភ័យបានមួយមកបាញ់ តែមិនរលត់ ទើបរាយការណ៍ទៅសមត្ថកិច្ច បន្តស្នើឲ្យអគ្គីសនីបិទផ្តាច់ចរន្តភ្លើង ត្រូវបានរថយន្តពន្លត់អគ្គីភ័យ របស់សាលាខណ្ឌឫស្សីកែវមួយគ្រឿងមកជួយបាញ់ទឹកអស់កន្លះសុីទែន ទើបភ្លើងរលត់ទៅវិញ ។
ករណីខាងលើ បណ្តាលឲ្យឆេះខូចខ្សែភ្លើង បន្តិចបន្តួចសំណាងល្អមិនរាលដល់ផ្ទះ ពលរដ្ឋដែលនៅក្បែរនោះឡើយ ៕ អរុណរះ