ភ្នំពេញ ៖ តំបន់មិនរៀបរយដ៏ធំទី២ដែលមានអ្នកញៀនថ្នាំ និងអ្នកលក់ បន្ទាប់ពីនៅតំបន់បឹងឈូកមុខពេទ្យលោកសង្ឃ នោះគឺវាលខ្សាច់ផ្លូវ៦០ម៉ែត្រ ដែលគេឃើញសមត្ថកិច្ចចាប់បង្ក្រាបរាល់ថ្ងៃ នៅតែមានអ្នកលក់រាល់ថ្ងៃ លក់ដូចផ្សារត្រី មានលក់ទាំងយប់ថ្ងៃ មហាជនសាទរលើវិធានការចាប់មិនចេះអស់ របស់សមត្ថកិច្ចខណ្ឌមានជ័យ ។
ជាក់ស្ដែង លោក កែវ សាវឿន ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ មេភូមិ និងប្រជាការពារសង្កាត់ ចុះត្រួតពិនិត្យរដ្ឋបាលចាប់ប្រមូលអ្នកប្រើប្រាស់ថ្នាំញៀនចំនួន៤នាក់ ដែលវង្វេងបាត់ស្មារតី បាត់ម្ចាស់ការទទួលខុសត្រូវបារដើរបង្កការអុកឡុកដល់អ្នកធ្វើដំណើរក្នុងមូលដ្ឋាន។
ជនញៀនថ្នាំទាំង៤នាក់នោះ ទី១- ឈ្មោះ ហ៊ុន សំខួច ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិព្រែកតានូ ។ ២- ឈ្មោះ ជួរ ចិន្តា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ។ ៣- ឈ្មោះ ព្រុំ ថាវី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ។ ៤- ឈ្មោះ ហេង គឹមស្រៀល ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិព្រែកតាគង់ ។
បច្ចុប្បន្នជនទាំង៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបន្សាបសារធាតុញៀន និងអប់រំកែប្រែ៕ ភារ៉ា ដង្កោ