ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមឆក់កាបូបពីជនជាតិចិនមិនបានសម្រេចជិះទៅបុកកង់បីរត់ចោលម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ចុះពីយន្តហោះហើយបានជិះរ៉ឺម៉កកង់បីបំណងទៅស្នាក់បឹងត្របែក ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ បានជិះម៉ូតូ៣គ្រឿងទៅធ្វើសកម្មភាពឆក់កាបូបពីជនជាតិចិន ដែលជិះរម៉កកង់បីមិនសម្រេចបណ្តាលអោយរ៉ឺម៉កកង់បីក្រឡាប់ ។ ចំណែកឯក្រុមជនសង្ស័យបានជិះរត់គេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងកើតស្តុបវត្តអង្កតាមិញប្រមាណ៥០ម៉ែត្រ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសម្តីពីបុរសម្នាក់ឈ្មោះ ឡេង គីមហុង អាយុ៥០ឆ្នាំ ជាអ្នកបើកម៉ូតូរម៉កកង់បីបានរាប់រៀបប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានដឹកបុរសជាជនចិនម្នាក់ ទើបតែចេញមកពីអាកាសយានដ្ឋានពោធិ៍តុងបំណងទៅម្តុំបឹងត្របែក ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត លុះជិះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦អ្នកជិះម៉ូតូ៣គ្រឿង ដោយមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HB-2997 និង២គ្រឿងទៀតមិនចាំម៉ាក ដោយជិះមកពីក្រោយ ហើយក៏បានធ្វើសកម្មភាពឆក់កាបូបយួដៃពីបុរសជាជនជាតិចិន ដែលជិះម៉ូតូរម៉កកង់បីតែមិនបានសម្រេចបណ្តាលឲ្យម៉ូតូរ៉ឺម៉កកង់បីក្រឡាប់ផ្ងារជើងទៅលើម៉ូតូរបស់ជនសង្ស័យមួយគ្រឿងខាងលើដួលទៅចូលទឹក ដែលនៅតាមចិញ្ចើមផ្លូវ និងបណ្តាលឲ្យអ្នកបើកបររួមទាំងបុរសជាជនជាតិចិនរងរបួសស្រាល ។

ភ្លាមៗនេះដោយក្រុមជនសង្ស័យភ័យស្លន់ស្លោក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយម៉ូតូរបស់ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីស្រាវជ្រាវរកជនសង្ស័យយកមកដាក់ទោសទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖