ខេត្តព្រះវិហារ ៖ ក្មេងស្រីអាយុ២ឆ្នាំម្នាក់ បានលង់ទឹកអាងស្លាប់ កាលពីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ គ្រាដែល ឪពុកដែលជាមន្ត្រីនគរបាល បានទៅបំពេញការងារនៅប៉ុស្តិ៍ ចំណែកម្តាយជាគ្រូបង្រៀន បានចេញទៅស្ទូងស្រូវនៅឯស្រែ ដោយបានផ្ញើកូនស្រីតូចរងគ្រោះនេះ ឲ្យជីដូនមានវ័យជាង៧០ឆ្នាំឲ្យជួយមើល។
លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានឲ្យដឹង ថា ក្មេងស្រីតូចដែលស្លាប់នេះមានឈ្មោះ ទុំ ចរិយា ភេទស្រី អាយុទើបតែ២ឆ្នាំប៉ុណ្ណោះ។មុនពេលកើតហេតុឪពុកក្មេងស្រីរងគ្រោះដែលជាមន្ត្រីនគរបាល បានទៅបំពេញការងារ ដូចធម្មតានៅប៉ុស្តិ៍ ចំណែកម្តាយជាគ្រូបង្រៀន បានចេញទៅស្ទូងស្រូវនៅឯស្រែ ដោយបានផ្ញើកូនស្រីតូចរងគ្រោះនេះ ឲ្យជីដូនដែលមានវ័យជាង៧០ឆ្នាំមើល ។ ស្របពេលដែលជីដូនមិនបានចាប់អារម្មណ៍នឹងចៅតែរយៈពេលមួយភ្លែតសោះ ស្រាប់តែបាត់ចៅមិនដឹងទៅណា ធ្វើឲ្យគាត់ខំដើររកគ្រប់កន្លែងតែរកមិនឃើញក៏នឹកស្មានថាចៅទៅលេងផ្ទះអ្នកជិតខាងឯណោះទេ។ លុះពេលដើររកមិនឃើញយូរទៅ ក៏មានការផ្អើលឆោឡោដល់អ្នកជិតខាងជួយដើររក ស្រាប់តែប្រទះឃើញចៅស្រីតូចនេះលង់ទឹកអាងមានកម្ពស់ប្រហែល៧តឹក ដោយបានផ្ទុកទឹកពេញដោយសារទឹកភ្លៀង នៅកៀនផ្ទះស្លាប់បាត់បង់ជីវិតគួរឲ្យតក់ស្លុតបំផុត ។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចជំនាញបានប្រគល់សពឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ជាមួយនឹងការបាត់បង់កូនស្រីជាទីស្រឡាញ់ និងដើម្បីចូលរួមមរណទុក្ខនេះដែរ លោក ហោ ប៊ុនហ៊ួរ អភិបាលស្រុករវៀង បានដឹកនាំក្រុមការងារស្រុក នាំថវិកាចំនួន ៧៨៥,០០០រៀល ទៅចូលរួមរំលែកទុក្ខផងដែរ៕ សហការី