ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលខណ្ឌមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលជាចោរជំនាញខាងឆ្កឹះសោររថយន្តពលរដ្ឋលួចយកទៅបាត់ជាច្រើនករណីនោះ ទៅតុលាការដើម្បីបន្តនីតិវិធី ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ រី ហៅ ចាន់ សាវី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល(ប្លុកបុរីកីឡា) ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គ្មានផ្ទុកសារធាតុញៀនក្នុងទឹកនោម)។ ចំណែកឯជនរងគ្រោះឈ្មោះ ចាន់ សម្បត្តិ ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅគ្មានលេខ ផ្លូវលេខ៣២ ក្រុមទី១១ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុងលេខ៣២ ក្រុមទី១១ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹម សេ១២៥ ពណ៍ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខភ្នំពេញ 1CI-0713 មកឈប់ក្បែរកន្លែងកើតហេតុខាងលើ រួចធ្វើសកម្មភាពប៉ុនប៉ងលួចយករថយន្តមួយគ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2X-1923 តែត្រូវបានអ្នកជិតខាងដែលកំពុងអង្គុយលេងនៅមុខផ្ទះឃើញទាន់ ក៏ស្រែក “ចោរៗ” ផ្អើលឆោឡោឡើងដល់ម្ចាស់រថយន្តនាំគ្នាចេញមកជួយចាប់ ស្របពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម កំពុងល្បាតនៅជិតនោះដែរ ក៏បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ហើយឆែកឃើញមានវត្ថុតាងសម្រាប់ឆ្កឹះចោររថយន្តមួយចំនួនទៀត ទើបសមត្ថកិច្ចវាយខ្នោះ យកទៅប៉ុស្តិ៍ដើម្បីសាកសួរតែម្ដង ។
វត្ថុតាងចាប់យក ៖ ដែកសំបកកំប៉ុងស្រាបៀរ កាត់ចុងស្រួចចំនួន ០៧បន្ទះ ,ដែកស័ង្កសី កាត់ចុងស្រួច ចំនួន០១បន្ទះ, ទុលឡឺវីសចំនួន០២ដើម, កូនកន្រ្តៃដែកចំនួន០២,កូនសោររថយន្តចំនួន០១, សោរមាត់លេខ១៧និងលេខ១៤ចំនួន០១, សោរមាត់លេខ១០ និងលេខ១២ ចំនួន០១, ដែកគោលចំនួន០១ដើម, សោរតាន់ចំនួន០១, ទូរស័ព្ទដៃចំនួន០៣គ្រឿង (ខូច០១គ្រឿង) ,មេសោរចិនចំនួន០១, ប្រដាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចំនួន០១សន្លឹក ,ឆ្នាំងសាកថ្មទូរស័ព្ទដៃ ម៉ាកហូវ៉ៃ ចំនួន០១, ប៊ិចពណ៍ខៀវចំនួន០២ដើម និង ម៉ូតូ០១គ្រឿង ម៉ាក Honda សេ១២៥ ពណ៍ខ្មៅ សេរី២០១៣ លេខតួ+លេខម៉ាស៊ីន 8737830 ពាក់ស្លាកលេខភ្នំពេញ 1CI-0713 (ជាមធ្យោបាយជនសង្ស័យឈ្មោះ ចាន់ រី ហៅ ចាន់ សាវី យកមកធ្វើសកម្មភាពលួចយករថយន្តរបស់ជនរងគ្រោះ) ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ចាន់ រី ហៅ ចាន់ សាវី ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងបានបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះ៕ស តារា