ភ្នំពេញ៖ អ្នកលេងដាវសាំម៉ូរ៉ៃម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការសាកសួរបញ្ចប់នីតិវិធី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០១៨នេះ ។
ជនសង្ស័យមានឈ្មោះ ព្រាប និមល ហៅ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ មានទីលំនៅ ផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភំ្នពេញ។ និងវត្ថុតាំងដកហូតបានមាន៖ដាវដែកកែច្នៃចំនួន ០១ដើម, ឧបករណ៍ប្រើប្រាសគ្រឿងញៀនមួយចំនួន ,ម៉ូតូម៉ាក Smash REVO ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1D-9151 ចំនួន ០១គ្រឿង ,ទូរស័ព្ទដៃចំនួន ០២គ្រឿង និងកន្ទុយរ៉ឺម៉កចំនួន ០១។
គួររំលឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ បានឃាត់ខ្លួនបុរសទំនើងម្នាក់ ក្នុងករណីមានដាវសាំម៉ូរ៉ៃជាប់នឹងខ្លួន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចលើផ្លូវលេខ១៥១ ស្ថិតក្នុង ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមមន្រ្តីនគរបាលខណ្ឌព្រែព្នៅ បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ បានចេញល្បាតក្នុងភូមិសាស្ត្រ លុះដល់ត្រង់ចំណុចកើតក៏ប្រទះឃើញក្មេងទំនើងកំពុងជិះម៉ូតូរ៉ឺម៉កដឹកអេតចាយ ដោយមានការសង្ស័យ កម្លាំងយើងក៏ធ្វើការត្រូតពិនិត្យ រកឃើញដាវកែច្នៃចំនួន០១ដើម និងបាននាំយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរនិងធ្វើតេស្ត៍ទឹកនោមរកមើលសារធាតុញៀន ជាលទ្ធផលក្រោយពេលពិនិត្យឃើញថាជនសង្ស័យ មានសារធាតុញៀន ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ច បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ស តារា