ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តទាំងស្រវឹងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ក៏ជ្រុលបុកម៉ូតូហុងដាឌ្រីមសង់ពីចំហៀងពេញទំហឹងអូសជាង៣០ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់២នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវលាម៉ោងរំលងអធ្រាត្រឈានចូល ថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចស្តុបអាគារ៤២ជាន់ តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹកកេងកងទី២ ខណ្ឌចំការមន ជាប់ព្រុំប្រទល់ និងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ1E 4487 ធ្វើដំណើរតាមបណ្តោយផ្លូវព្រសីហនុ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2AR 5563 បើកបរដោយបុរសម្នាក់ជាជនជាតិចិនទាំងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដោយមិនបានបន្ថយល្បឿនក៏ជ្រុលបុកម៉ូតូពីចំហៀងពេញទំហឹងហើយអូសម៉ូតូជាប់ក្រោមរថយន្តជាង៣០ម៉ែត្រទើបជប់ធ្វើឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ចំណែកម៉ូតូ និងរថយន្តរងការខូចខាតយ៉ាងដំណំ ។ ភ្លាមនោះជនរងគ្រោះក៏ត្រូវបានរថន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ និងឃាត់ម្ចាស់រថយន្តប្រគល់ឲ្យជំនាញដោយសារតែចំណុចកើតហេតុស្ថិតនៅខាងទឹកដីខណ្ឌ៧មករា ទើបប្រគល់ឲ្យជំនាញ និងវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ