ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តទាំងស្រវឹង ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងកំពុងឈប់នៅចិញ្ចើមផ្លូវ និងរុញទៅបុកម៉ូតូកង់បីបន្ថែមទៀត រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រក្នុងល្បឿនលឿន និងស្រវឹងស្រាផង ស្រាប់តែរេចង្កូតទៅបុករថយន្តកូរ៉ូឡាដែលកំពុងឈប់នៅចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹង និងរុញទៅបុកម៉ូតូកង់បីបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសម្ដីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានបង្ហើបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះ គឺ មានរថយន្តកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K- 4005 ដោយបុរសម្នាក់បើកមកឈប់នៅចិញ្ចើមផ្លូវកន្លែងកើតហេតុ រួមទាំងមានម៉ូតូកង់បីនៅខាងមុខផង ខណៈនោះ ស្រាប់តែមានបុរសម្នាក់បើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2I -8280 បានធ្វើដំណើរចេញពីច្រមុះជ្រូកស្ទឹងមានជ័យក្នុងល្បឿនយ៉ាងលឿន រួមទាំងស្រវឹងស្រាផង ក៏រេចង្កូតទៅបុករថយន្តកូរ៉ូឡា ដែលកំពុងឈប់នៅចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹង និងរុញទៅបុកម៉ូតូកង់បីបន្ថែមទៀត បណ្ដាលឲ្យរថយន្តកូរ៉ូឡា និងរថយន្តបង្កហាយឡែនឌ័ររងការខូចខាតយ៉ាងដំណំ ចំណែកម៉ូតូកង់បីខូចខាតតិចតួច និងម្ចាស់អង្គុយពីលើរងរបួសស្រាល ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែខូចខាតរថយន្តបង្ក និងរថយន្តរងគ្រោះតែប៉ុណ្ណោះ ។ ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ ដោយឲ្យបងប្អូនមកដោះស្រាយឲ្យ ។ តែទោះជាយ៉ាងណាភាគីទាំង៣ រថយន្តបង្ក រថយន្តរងគ្រោះ និងម៉ូតូកង់បី និយាយចរចាគ្នាមិនត្រូវនោះទេ ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ចុះមកវាស់វែង យកថយន្តបង្ក រថយន្តរងគ្រោះ និងម៉ូតូកង់បី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖