ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុខណៈដែលគាត់កំពុង ជិះម៉ូតូឆ្លងផ្លូវក៏ត្រូវរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបានបើកយ៉ាងលឿនចូលទៅបុកទាំងកំរោល បណ្តាលឲ្យរថយន្តជ្រុះស្លាកលេខនៅនឹងកន្លែងកើតហេតុរួចបើកគេចខ្លួនបាត់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះដែល ស្លាប់ឈ្មោះ តែម រ៉ាវី ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ខាងលើ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែកឯរថយន្តបង្ក មិនស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែបានជ្រុះស្លាកលេខភ្នំពេញ 2N-8668 នៅនឹងកន្លែង កើតហេតុ។
មន្ត្រីនគរបាលជំនាញបានបន្តថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់ ឯងតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិច និងបត់ឆ្លងថ្នល់ ស្រាប់តែភ្លាមៗ នោះក៏ត្រូវរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបានបើកបុកជនរងគ្រោះពេញទំហឹងបណ្តាលឲ្យ ស្លាប់តែម្តង។ ចំណែកឯរថយន្តបានជ្រុះកាងមុខ ជាប់ស្លាកលេខនៅនឹងកន្លែងកើតហេតុ រួច បន្តដំណើរគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរយៈស្លាកលេខ ដើម្បីយកមកទទួលខុសត្រូវបានច្បាប់ ៕ ឆ្លាមសមុទ្រ