ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២០ ខែកក្កដានេះគឺ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារនីហរ័ណ អាហរ័ណចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងសាងសង់ផ្លូវ ក្រវ៉ាត់ក្រុងទី៣។ បើតាមក្រសួងសេដ្ឋកិច្ច ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិកនេះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
គម្រោងសាងសង់ផ្លូវក្រវាត់ ក្រុងទី ៣ នេះនឹងត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤ គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយចាប់ ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ ១៤+ ១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ ៣ត្រង់ ចំណុចគីឡូម៉ែត្រ លេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រ។
ផ្លូវក្រវ៉ាត់ ក្រុងទី៣នេះ ជាខ្សែផ្លូវថ្មីមួយ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និង ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែល បានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពី សាធារណរដ្ឋប្រជាមានិតចិនដូចគ្នា។
ពោលគឺ ផ្លូវក្រវ៉ាត់ ក្រុងទី៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ក្នុងការជួយសម្រួលចរាចរណ៍ ក្នុងរាជធានីភ្នំពេញផង និងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ ប្រទេសកម្ពុជា និងនឹងជាខ្សែផ្លូវថ្មីមួយទៀតបន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ ដែលកំពុងដំណើរការសាងសង់។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបាន ចុះកិច្ចសន្យាសាងសង់ ជាមួយ ក្រុមហ៊ុន សំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នេះ ដែលនឹងមានការត្រួតពិនិត្យបច្ចកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនផងដែរ។
កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ ក្រុងទី៣ ដែលភាគីទាំងពីរទើបបាន ចុះហត្ថលេខានេះ គឺជាផ្លែផ្កាថ្មីស្រឡាងមួយទៀត ដែលកើតចេញពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ សិលា