ខេត្តព្រះសីហនុ៖ ជនជាតិចិនជាកម្មករសំណង់ម្នាក់ ត្រូវបានមិត្តភក្តិ និង ប្រជាពលរដ្ឋអះអាងថា ត្រូវទឹករលកអូសចូលទឹកជ្រៅបណ្តាលឲ្យបាត់ខ្លួន នាល្ងាច ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចកន្ទុយនាគ ក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ក្រោយពីបានចុះងូតទឹកលេងជាមួយមិត្តភក្តិ៤នាក់ផ្សេងទៀត ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានអះអាងថា នៅថ្ងៃទី១៩ ខែកក្ដដា វេលាម៉ោង១៨.៣០នាទី នៅចំណុចកន្ទុយនាគ មានករណីជនជាតិចិនម្នាក់ ភេទប្រុស បានត្រូវទឹករលកអូសចូលទឹកជ្រៅបណ្តាលឲ្យបាត់ខ្លួន ។
តាមការឆ្លើយបំភ្លឺរបស់មិត្តភក្តិ ជនរងគ្រោះនៅក្នុងហេតុការណ៍បានរៀបរាប់ថា នៅវេលាម៉ោងខាងលើ មានជនជាតិចិនមួយក្រុម មានគ្នា ៥នាក់ បានចុះមកលេងទឹកនៅ ឆ្នេរកន្ទុយនាគ មួយសន្ទុះក្រោយមកមានចិនម្នាក់ បានរសាត់ទៅឆ្ងាយពីក្រុមចំងាយប្រហែល ៣ម៉ែត្រ ត្រូវបានទឹករលកអូសចូលកន្លែងទឹកជ្រៅ ។ ឃើញដូចនោះ ក៏នាំគ្នារត់រកពោងទៅជួយ តែមិនដល់មួយនាទីផងក៏បាត់ខ្លួន ។ ជនរងគ្រោះ ឈ្មោះ LIU QIANG ភេទ ប្រុស ឆ្នាំកំណើត 01-04-1991 ។
កាន់លិខិតឆ្លងដែន លេខ E68478103 មានសុពលភាពថ្ងៃទី 22-02-2026 មុខរបរជា កម្មករសំណង់ ។ ក្រោយមកកម្លាំងនគរបាលប្រចាំការតំបន់នោះបានទំនាក់ទំនងជាមួយក្រុមម៉ូតូទឹកចំនួន២គ្រឿង មានគ្នា៤នាក់ បានរុករកទីតាំងដែលជនរងលង់ទឹកនោះក៏ពុំបានរកឃើញ ។
គួររំលឹកផងដែរថា នៅតាមបណ្តោយឆ្នេរមួយចំនួន នាដើមឆ្នាំនេះ គឺទើបតែមានការបាត់ខ្លួនជនជាតិចិនម្នាក់តែប៉ុណ្ណោះ ព្រោះកន្លងមកក្រុមសមត្ថកិច្ចបានជួយសង្គ្រោះបានទាន់ពេលជាច្រើនលើក ក្នុងករណីលង់ទឹកនេះ ខណៈពេលកាលពីឆ្នាំមុនមានមនុស្សបាត់បង់ជីវិត ដោយលង់ទឹកនេះ មិនក្រោម១០នាក់នោះទេ ។ ដូចនេះបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ដែលមកកំសាន្ត គួរតែមានការប្រុងប្រយ័ត្ននៅពេលចុះលេងទឹកម្តងៗនៅពេលមានរលកធំៗ ៕ ឆ្លាម សមុទ្រ