ភ្នំពេញ៖ លំនៅឋានប្រជាពលរដ្ឋជាង១០០ខ្នងស្ថិតនៅជាប់មាត់ស្ទឹងព្រែកត្នោត និងស្ថិតនៅក្នុងសង្កាត់ចំនួន៨របស់ខណ្ឌដង្កោ រាជធានាភ្នំពេញ ត្រូវបានទទួលរងនូវការលិចលង់ ដោយសារទឹកជំនន់ទឹកភ្លៀងដែលជន់ឡើងតាមស្ទឹងខាងលើដោយគិតត្រឹមថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ។
តាមមន្រ្តីនគរបាលខណ្ឌដង្កោបានថ្លែងថា ទឹកស្ទឹងបានជន់ឡើងយ៉ាងគំហុករយៈពេល២ថ្ងៃជាប់ៗគ្នាមកហើយគឺចាប់តាំងពីថ្ងៃទី១៩ ខែកក្កដាមក ដោយសារតែភ្លៀងធ្លាក់រាល់ថ្ងៃជាពិសេសភ្លៀងធ្លាក់ខ្លាំង និងជន់លិចតំបន់មួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ ហើយទឹកនោះបានហូរធ្លាក់តាមស្ទឹងជាបន្តបន្ទាប់មកខាងក្រោមទើបបណ្ដាលឲ្យជន់លិចភូមិឋានដែលនៅជាប់មាត់ស្ទឹងក្នុងខណ្ឌដង្កោបែបនេះតែម្ដង ។
ប្រភពដដែលបានបន្តថា រហូតមកដល់ថ្ងៃទី២០ កក្កដា នេះទឹកបានឡើងជន់លិចភូមិចំនួន១៩ភូមិ ស្ថិតនៅក្នុងសង្កាត់ចំនួន៨របស់ខណ្ឌដង្កោ និងស្មើរ និងចំនួន១៩៦គ្រួសារ និងខ្នងផ្ទះ ក្នុងនោះរួមមាន៖ សង្កាត់ព្រៃស លិចចំនួន២ភូមិស្មើរ និង៣៤គ្រួសារ, សង្កាត់ទៀនចំនួន២ភូមិស្មើរ និងចំនួន១៧គ្រួសារ, សង្កាត់គងនយចំនួន២ភូមិស្មើរ និងចំនួន៥៨គ្រួសារ, សង្កាត់ស្ពានថ្ម ចំនួន៤ភូមិស្មើរ និង២២គ្រួសារ, សង្កាត់ជើងឯក ចំនួន២ភូមិស្មើរ និងចំនួន១៧គ្រួសារ, សង្កាត់សាក់សំពៅ ចំនួន៦ភូមិស្មើរ និង២៦គ្រួសារ និងដង្កោ ១ភូមិស្មើរ និងចំនួន២២គ្រួសារ ។
ប្រភខាងលើបានបន្តទៀតថា នៅព្រឹកថ្ងៃដដែលនេះកម្លាំងអាជ្ញាធរសង្កាត់សាក់សំពៅរួមជាមួយប្រជាពលរដ្ឋបាននាំគ្នាច្រកដីក្នុងបាវទប់ផ្លូវដែលត្រូវទឹកហូរបុកដាច់ និងហូរច្រោះក្លាយជារូងនាគត្រង់ចំណុចជិតសាលាសង្កាត់សាក់សំពៅផងដែរ ។ ទោះជាបែបណា មិនមានមនុស្សណាម្នាក់ត្រូវស្លាប់នៅក្នុងគ្រោះទឹកជំនន់ខាងលើនេះនៅឡើយទេ ហើយម្ចាស់ផ្ទះដែលត្រូវទឹកលិចត្រូវបានជម្លៀសចេញរកទីទួលសុវត្ថិភាពអស់ហើយ ៕ ភារ៉ា ដង្កោ