ភ្នំពេញ ៖ បុរសជនជាតិស្បែរសម្នាក់ កំពុងតែធ្វើដំណើរតាមដងផ្លូវ ដោយដើរបណ្ដើរចុចទូរស័ព្ទដៃដើម្បីឆែករកផែនទី ក៏ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកiPhone6S បានសម្រេច ហើយគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។
ករណីចោរឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៥៣កែងផ្លូវ១៣៦ នៅចំណុចផ្សារថ្មី ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
តាមប្រភពប័ត៍មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិបរទេសម្នាក់ អាយុប្រមាណ៣០ឆ្នាំ កំពុងតែដើរតាមបណ្តោយផ្លូវលេខ៦៧ ក្នុងទិសដៅពីជើងទៅត្បូង ដើរបណ្តើរកំពុងតែចុចទូរស័ព្ទដៃ ដើម្បីឆែកផែនទីរកផ្លូវទៅសណ្ឋាគារ ខណៈពេលដើរមកដល់ចំណុចផ្លូវលេខ៦៧ កែងផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៨ មិនចាំស្លាកលេខជិះ មកពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកiPhone 6S បានសម្រេច ជិះគេចខ្លួនបាត់ស្រមោលតែម្តង ។ ភ្លាមៗនោះគេឃើញកម្លាំងសមត្ថកិច្ចដែលយាមនៅគោលដៅក្បែរកន្លែងកើតហេតុ បានឃើញនិងជួយអន្តរាគមន៍ដេញតាមចាប់ជនសង្ស័យនោះដែរ ប៉ុន្តែដេញតាមជនសង្ស័យមិនទាន់ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋនគរបាលផ្សារថ្មី១ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមរកជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ហើយជនរងគ្រោះបានបញ្ជាក់ដែរថានៅក្នុងទូរស័ព្ទដៃដែលជនសង្ស័យយកទៅនោះ នៅខាងក្រោយទូរស័ព្ទមានលុយចំនួន៣០០ដុល្លារផងដែរ ៕ស តារា