ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាមកដេកផ្ទះបងប្អូនខ្យល់គរស្លាប់ផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ដេកស្លាប់ក្រោមផ្ទះបងប្អូនដោយទំនងស្លាប់ដោយសារខ្យល់គរ ព្រោះពេលស្រវឹងម្ដងៗមិនដែលហូបបាយនោះទេបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១រសៀល នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះ រតនា (ហៅជុច) អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

តាមបងប្អូនបុរសខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ឈ្មោះជុចនេះគឺផឹកស្រាស្រវឹងជាប្រចាំ និងមិនហូបបាយនោះទេ ខណៈបងប្អូនណែនាំកុំឲ្យផឹកស្រា នៅតែមិនស្ដាប់ និងស្ដីឲ្យថា កុំចេះដឹងរឿងគាត់ ។

ប្រភពបន្តថា មុនកើតហេតុបុរសឈ្មោះជុច បានផឹកស្រាឡើងស្រវឹងជោក ហើយក៏បានដើរមកផ្ទះបងប្អូនក្បែរភូមិគ្នាប្រមាណជាកន្លះម៉ោង ស្រាប់តែមានការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកសមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យបានមកពិនិត្យសពទើបប្រគល់ឲ្យក្រុមគ្រួសាវិញ ព្រោះមិនមានស្លាកស្នាមថាជារឿងឃាតកម្មអ្វីនោះទេ គឺពិតជាស្លាប់ដោយខ្យល់គរ ព្រោះស្រវឹងម្ដងៗមិនដែលហូបបាយសោះ ៕ យឹម សុថាន


ចែករំលែក៖