ខេត្តតាកែវ៖ សាកសពក្មេងប្រុសម្នាក់ ត្រូវបានអ្នកដើររកអង្ក្រងប្រទះឃើញក្នុងព្រៃកាលពីវេលាម៉ោង១និង៣៥នាទី រសៀល ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅលើទួលចម្ការភូមិចាស់ត្រង់ចំណុចក្នុងព្រៃចុងទួលខាងត្បូង ស្ថិតនៅភូមិសស្មាន់មុនី ឃុំព្រៃផ្ដៅ ស្រុក ព្រៃកប្បាស ខេត្តតាកែវ ។
មន្រ្តីនគរបាលស្រុកបានឲ្យដឹងថា សព ឈ្មោះ ណុប លឹមហេង អាយុ១២ឆ្នាំ រស់ នៅភូមិព្រៃផ្ដៅខាងត្បូង ឃុំព្រៃផ្ដៅ ស្រុក ព្រៃកប្បាស ខេត្តតាកែវ ដែលមានសភាព ស្អុយរលួយដង្កូវចោះលលាដ៍ក្បាលដាច់ចេញពីដងខ្លួន ជើងទាំងពីរចងផ្អោប ដោយវល្លិនៅលើជង្គង់ ចំណែកក្បាល ចងផ្ពក់នឹងវល្លិ៍ដែរ ។
យោងតាមការបំភ្លឺពីម្ដាយធំនិងសាច់ញាតិជិតខាង បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា២០១៨វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ម្ដាយកុមារារងគ្រោះបានឲ្យកូនជិះម៉ូតូ C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅទៅ លាងទឹករហូតដល់យប់មិនឃើញកូនមក វិញក៏បានប្ដឹងសមត្ថកិច្ចឲ្យជួយដើររក រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកដើររកអង្ក្រងបានប្រទះឃើញ ហើយរាយការណ៍ទៅសមត្ថកិច្ច ។
បើតាមសមត្ថកិច្ចសន្និដ្ឋានថា ករណីនេះពិតជាអំពើលួចមានស្ថានទម្ងន់ (ប្លន់ សម្លាប់យកម៉ូតូ ) ក្រោយពីពិនិត្យរួចសាកសពបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកតាមចាប់ជនសង្ស័យ ដើម្បីយកផ្តន្ទាទោសតាមច្បាប់ ៕ ហេង នរិន្ទ្រ