ខេត្តកណ្តាល ៖ រថយន្តរបស់មន្ត្រីនគរបាលនៃអធិការនគរបាលស្រុកខ្សាច់កណ្ដាលមយយគ្រឿង ខណៈ បើកឆ្លងស្រឡាងស្រាប់តែឆ្លងចរន្តភ្លើងបណ្តាលឲ្យឆាបឆេះយ៉ាងខ្លាំងចេញពីមុខរថយន្ត កាលពីល្ងាច ថ្ងៃ សុក្រ ៨ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៨ សិ្ថតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
អ្នកបើកបររថយន្តដែលជាមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលបានបញ្ជាក់ថា គាត់ បើករថយន្តមួយគ្រឿងម៉ាកកាមរី ស៊េរីចាស់ ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-0380 ដោយបើកឡើងទៅលើស្រឡាង យីហោ (វិស្នុ) ដើម្បីឆ្លងពីត្រើយអរិយក្សត្រទៅភ្នំពេញ ។ លុះពេលដែលស្រឡាងបើកជិតដល់ច្រាំងចម្ងាយប្រហែល២០០ទៅ៣០០ រូបគាត់ក៏ឡើងបញ្ឆេះរថយន្តស្រាប់តែមានជាអណ្តាតភ្លើងចេញពីមុខរថយន្តយ៉ាងសន្ធោសន្ធៅ ហើយពេលនោះក្រុមកម្មករបានយកបំពង់ពន្លត់អគ្គីភ័យមកពន្លត់តែ មិនរលត់ លុះសាឡាងបើកមកដល់ច្រាំងក៏បាននាំគ្នា រុញចូលទឹកទើបរលត់ សំណាងល្អមិនមានរងរបួសទេ។ ចំណែករថយន្តរងការខូចខាតទាំងស្រុង ។
ក្រោយពេលកើតហេតុអ្នកបើករថយន្តបានហៅរថយន្តទៅសណ្តោងរថយន្តនេះពីក្នុងទឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ ស្រុកខ្សាច់ កណ្តាលតែម្តងទៅ៕ ប្រាថ្នា