ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង បញ្ជាឱ្យមន្ទីរសាធារណការក្រុង ប្រើគ្រឿងចក្រកាយបិទរូងនាគទំនប់សណ្ដរស្ទឹងព្រែកត្នោតជាបន្ទាន់ បន្ទាប់ពីឃើញមានរូងនាគជាច្រើនកន្លែងត្រូវបានហូរចេញ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដង្កោ បានអះអាងថា ទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលជាទំនប់ការពារទឹកជំនន់ដ៏សំខាន់ ប៉ែកខាងលិចឈាងខាងត្បូងរាជធានីភ្នំពេញ មានរូងនាគ និងមានទឹកហូរខាងក្រោមជាច្រើនកន្លែង ភ្លាមនោះ អភិបាលរាជធានីភ្នំពេញ ក៏ណែនាំឲ្យមន្ទីរធនធានទឹកប្រើគ្រឿងចក្រកាយបិទភ្លាមជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យទឹកហូរច្រោះ ដែលអាចឈានទៅធ្វើឲ្យបាក់ទំនប់នោះ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីជុំនាញពាក់ពន្ធ័ក្រោមឱវាទ រសៀលថ្ងៃទី២១ កក្កដានេះ បានចុះទៅពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងសួរសុខទក្ខប្រជាពលរដ្ឋដែលកំពុងទទួលរងការលិចលង់នៅតំបន់មួយចំនួនក្នុងខណ្ឌដង្កោ ដើម្បីស្វែងយល់ពីតំរូវការចាំបាច់នឹងដោះស្រាយជូនពួកគាត់ភ្លាមៗ។

លោក ឃួង ស្រេង បានណែនាំឲ្យមន្ត្រីជំនាញពាក់ពន្ធ័, អាជ្ញាធរដែនដីត្រូវរួមគ្នាគិតគូរដោះស្រាយ និងដាក់ចេញវិធានការចាំបាច់ឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋដែលរងគ្រោះ រៀបចំទីទួលសុវត្ថិភាព និងរៀបចំទីតាំងស្នាក់ការកាកបាទក្រហមដែលអាចដាំស្លររួមគ្នាបានដើម្បីសំរួលការលំបាកដល់បងប្អូននៅពេលទឹកលិចផ្ទះសម្បែង រៀបចំឲ្យមានពេទ្យប្រចាំការនៅទីតាំងរងគ្រោះដើម្បីផ្តល់សេវាសុខា ភិបាល ជូនពួកគាត់។

ក្នុងពេលចុះពិនិត្យផ្ទាល់ទំនប់៧មករាឬទំនប់សណ្តរស្ទឹងព្រែកត្នោត ពិតជាមានរូងនាគ ដែលមានទឹកហូរក្រោមទំនប់ដោយកន្លែង ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យមន្ទីរធនធានទឹក ប្រើគ្រឿងចក្រកាយបិទជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យទឹកហូរច្រោះបន្តទៅទៀត ដែលអាចឈានទៅធ្វើឲ្យបាក់ទំនប់នោះតែម្តង។

ចំណែកអាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ សង្កាត់ដែលទទួលរងការលិចលង់ធ្ងន់ធ្ងរជាងគេ គឺសង្កាត់សាក់សំពៅ មានចំនួន៦ភូមិ ស្មើនឹង៤៥៤គ្រួសារ និងមានមនុស្សចំនួន២០៤៩នាក់ផងដែរ ៕ សំរិត


ចែករំលែក៖