ខេត្តពោធិ៍សាត់៖ សាកសពទារកម្នាក់ ត្រូវបានគេប្រទះឃើញហើមស្អុយ អណ្ដែតលើទឹកប្រឡាយ បង្កការភ្ញាក់ផ្អើល ត្រូវបានគេសង្ស័យអាចជាស្រ្តីម្ដាយ ឬឪពុកបង្កើតយកទៅបោះចោលនៅទីនោះ បន្ទាប់ពីបានសម្រាលកូន(សាកសព)រួចរាល់ហើយនោះ ។
ហេតុការណ៍ប្រទះឃើញសាកសពទារកអណ្ដែតទឹកខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង០០នាទីព្រឹក ថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចទឹកប្រឡាយក្បាលហុង ជាប់ស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននានាជុំវិញកន្លែងនោះ ក៏ដូចជានគរបាលប៉ុស្ដិ៍រដ្ឋបាលវាល ដែលបានចុះស្រាវជ្រាវ និងពិនិត្យសាកសពលើកឡើងស្រដៀងៗគ្នាថា សាកសពទារក ដែលត្រូវបានគេប្រទះឃើញអណ្ដែតទឹកហើមស្អុយក្នុងប្រឡាយនេះ ភេទប្រុស អាចទើបនឹងកើតថ្មីៗហើយក៏អាចស្លាប់ទៅវិញ ប៉ុន្តែត្រូវបានគេសង្ស័យម្ដាយឬឪពុកយកទៅបោះចោលក្នុងទឹកស្ទឹងពោធិ៍សាត់ ទើបហូរតាមទឹកអណ្ដែតមកទើរនៅចំណុចខាងលើនេះ ព្រោះពុំមានស្លាកស្នាមអ្វីគួរសង្ស័យក្នុងករណីអំពើរឃាត់កម្មនោះឡើយ ។ សាកសពទារកបានយកទៅបញ្ចុះរួចរាល់ហើយ នៅភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង។
ទោះជាប្រភពនានានៅកន្លែងនោះ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានអះអាងបែបនេះក្តី ក៏ប្រភពផ្សេងៗទៀតលើកឡើងផងដែរថា នេះជាទង្វើមួយដ៏សាហាវព្រៃផ្សៃបំផុតនៅក្នុងសង្គមជាតិ ព្រោះការប្រព្រឹតឡើងបែបនេះមិនមែនអ្នកឆ្ងាយនោះទេ គឺអាចជាម្ដាយបង្កើតតែម្តងឬក៏ជាឪពុកក៏ថាបាន ហើយស្រួលមិនស្រួលអាចបោះគ្នាចោលចូលទឹកទាំងរស់ក៏មិនដឹង ហើយបើស្លាប់ពិតមែន ម្តេចក៏មិនយកទៅបញ្ចុះ ខាតពេលប៉ុន្មានទៅ? បង្កើតមកធ្វើអ្វី? បើមិនទទួលខុសត្រូវបែបនេះ ពិតជារន្ធត់ពន់ពេកហើយក៏ជាគំរូដ៏ស្មោគគ្រោកមួយនៅក្នុងសង្គមជាតិផងដែរ ៕ បឹុម ពិន