ភ្នំពេញ ៖ យុវជនម្នាក់ បានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូទៅបុកជាមួយរថយន្តក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង២១និង១៥នាទី ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខរោងម៉ាស៊ីន ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ផាន តុលា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបប កម្មករសំណង់ មាន ស្រុកកំណើត ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយជិះម៉ូតូម៉ាក HONDA ZOOME X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ FW-2881។ ចំណែកតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណទេ ក្រោយកើតហេតុភ្លាមៗបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តបង្កម៉ាក TOYOTA TACOMA ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AS-3694 នៅកន្លែងកើតហេតុ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្ត និងម៉ូតូបើកបរបញ្ច្រាសទិសគ្នាដោយម៉ូតូជិះពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវបានទៅបុកជាមួយរថយន្តTACOMA ដែលធ្វើដំណើរបញ្ច្រាសគ្នា ចំទល់មុខគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ខាងម៉ូតូ ដួលបោកក្បាលស្លាប់ភ្លាមៗ ។
ប្រជាពលរដ្ឋបានបន្តថា ពេលឃើញដូច្នេះពួកគាត់ក៏រត់មកមើល និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយមកអន្តរាគមន៍តែម្តង តែតៃកុងរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នក្រោយសមត្ថកិច្ចវាស់វែងរួច សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និង ម៉ូតូត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យសណ្តាប់ធ្នាប់ នៃស្នកការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ