ភ្នំពេញ ៖ យុវជនពីរនាក់ចង់សប្បាយ បានលួចរថយន្តដឹកកម្មកររបស់ពូជិះដើរលេងបែរជាជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ដោយហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវទំនង៧មករា ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមសម្តីពូរបស់យុវជនទាំងពីរនាក់ខាងលើនេះបាននិយាយរៀបរាប់ថា ដោយសារតែផ្ទះរបស់គាត់ត្រូវទឹកលិច ហេតុនេះគាត់បានយករថយន្តម៉ាក់កូរ៉េ មួយតោនកន្លះ យកមកផ្ញើផ្ទះបងនៅភូមិក្រាយស្វាយ លុះដល់ម៉ោងកើតហេតុតែគេតេមកប្រាប់គាត់ថារថយន្តរបស់ខ្លួនត្រូវក្មួយលួចយកទៅជិះដើរលេងហើយជួបគ្រោះថ្នាក់ចរាចរណ៍ខ្ទេចអស់ហើយ។ ចំណែកប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនទាំងពីរនាក់បើករថយន្តកូរ៉េមួយគ្រឿង យ៉ាងលឿនតាមបណ្តោយផ្លូវ ទំនប់៧មករា ឆ្ពោះពីផ្លូវជាតិលេខ៣ឡើងទៅផ្លូវចំការដូង លុះមកដល់ចំណុចខាងលើក៏រេចង្កូតមកឆ្វេងដៃជ្រុលបុកដើមកាស្សាបាក់អស់មួយដើម ហើយរថយន្តក្រឡាប់ផ្ងារជើងគៀបជាប់នឹងគល់ឈើ ចំណែកយុវជនអ្នកបើករថយន្តរងរបួសបាក់ភ្លៅម្ខាង នឹងម្នាក់ទៀតរងរបួសស្រាល ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តត្រូវបានក្រុមសាច់ញាតិស្ទូចយកទៅជួសជុលដោយឯង ៕ ភារ៉ា ដង្កោ