ព័ត៌មានទាន់ហេតុការណ៍៖

បោះពួយរថយន្តលឿនបុកស្លាកទ្រូវផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តTACOMAមួយគ្រឿង បានបើកបរ យ៉ាងលឿនដូចហោះ ទាំងស្ថានភាពស្រវឹងផង ខណះមកដល់ចំណុចផ្លូវកោង ក៏ជ្រុលទៅបុកខឿនទ្រូងផ្លូវ ហោះបុកស្លាកប៉ាន់ណូ បណ្ដាលឲ្យរថយន្តក្រឡាប់ពីរបីត្រឡប់អូសជាច្រើនម៉ែត្រ ធ្វើឲ្យអ្នករួមដំណើរ៤នាក់រងរបួសធ្ងន់ ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា ដំបូងគេឃើញរថយន្តមួយគ្រឿងម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-9316 បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿនរួមទាំងអ្នកបើកបរមានស្ថានភាពស្រវឹងផង និងផ្លូវកោងផង ក៏បានជ្រុលរេចង្កូតទៅបុកខឿនទ្រូងផ្លូវ ហោះបុកស្លាកប៉ាន់ណូ បណ្ដាលឲ្យរថយន្តក្រឡាប់ពីរបីត្រឡប់អូស ប្រហែល២០ម៉ែត្របះជើងយ៉ាងច្រង៉ាង រងការខូចខាតយ៉ាងដំណំ ដោយធ្វើឲ្យនារីម្នាក់រងរបួសធ្ងន់ និងតៃកុង អ្នករួមដំណើរ៣នាក់ទៀត រងរបួសស្រាល ។

ក្រោយកើតហេតុភ្លាមៗ នារីរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកឯងរថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍រាជធានីភ្នំពេញឲ្យមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖