ព័ត៌មានទាន់ហេតុការណ៍៖

បុរសសរសៃប្រសាទម្នាក់ផឹកថ្នាំបាញ់ស្រូវស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានផឹកថ្នាំបាញ់ស្រូវ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៣ រសៀលថ្ងៃ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ ញឹម សាវ៉េន ភេទស្រី អាយុ ៦៣ឆ្នាំ ត្រូវជាម្ដាយសពបានបញ្ជាក់ថាកាលពីថ្ងៃពីទី២០ ខែកក្កដាឆ្នាំ ២០ ១៨វេលាម៉ោងប្រហែល ៩និង៥នាទីខ្ញុំបានដើរ ទៅមើលស្រែនៅភូមិសាស្រ្ត ភូមិសុភមង្គល។ចំណែកឈ្មោះ ស ពិសិដ្ឋ ជាកូនប្រុសបង្កើតរបស់ខ្ញុំនៅ ចាំផ្ទះរហូតដល់ម៉ោង២ទើបខ្ញុំបានត្រឡប់មកផ្ទះវិញក៏ចូលទិញថ្នាំនៅផ្ទះរបស់គ្រូពេទ្យឈ្មោះ យា ហើយក៏ឲ្យគេលេបពីព្រោះយប់មិញគេរកប្រេងកូលាចេះតែក្ដាមកាច់ដៃកាច់ជើងហើយពីមុនមកកូនរបស់ខ្លួនមានជំងឺសរសៃប្រសាទនិងផឹកស្រាជាប្រចាំផង។ នៅថ្ងៃកើតហេតុខ្ញុំ បានមើលមុខកូនក្រៀមហើយក៏សួរទៅគេថាឯងកើតអី ពេលនោះគេឆ្លើយថាខ្ញុំចេះតែញ័រខ្លួន មួយសន្ទុះក្រោយ មកឮសូរខ្វក់ៗ ទើបដឹងថាកូនបានផឹកថ្នាំបាញ់ស្រូវ ក្អួតចេញពីមាត់ ។

ម្តាយជនរងគ្រោះ បានស្រែកថាហេតុអីក៏កូនធ្វើដូច្នេះ ហើយគេឆ្លើយប្រាប់ថាកូនខ្ជិលចងរស់ទៀតណាស់។ដោយឃើញសភាពកូនធ្ងន់ធ្ងរពេកគាត់ក៏ទៅរកម៉ូតូកង់បីយកដឹកទៅមន្ទីរពេទ្យត្រពាំងស្វាយតែដោយជំងឺកាន់តែធ្ងន់ទៅៗ ខាងមន្ទីរពេទ្យបានយករថយន្តដឹកកូន ទៅមន្ទីរពេទ្យខេត្ត កំពង់ធំ តាំងពីម៉ោង២យប់រហូតដល់ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង១២និង៣០នាទីទើបកូនបានដាច់ខ្យល់ស្លាប់ ។ ក្រោយមកគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តកំពង់ធំបានយករថយន្តដឹកសព មកផ្ទះវិញ ។

ក្រោយពីដឹងព័ត៌មានភ្លាមកម្លាំងជំនាញយើងបានសហការជាមួយលោកមេប៉ុស្តិ៍ លោកគ្រូពេទ្យនិងសន្តិសុខប្រជាការពារភូមិ ពិនិត្យសាកសពនៅកន្លែងកើតហេតុតែពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ។

សមត្ថកិច្ចបានសន្និដ្ឋានថាសពជនរងគ្រោះឈ្មោះ ស ពិសិដ្ឋ នេះពិតជា ស្លាប់ដោយសារផឹកថ្នាំពុល(ថ្នាំបាញ់ស្រូវ)ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជូនគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖