ខេត្តពោធិ៍សាត់៖ មន្រ្តីនគរបាលស្រុកបាកានម្នាក់ រងរបួសធ្ងន់ បាក់ឆ្អឹងដងកាំបិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូសណ្ដោងរឺុម៉កដឹកសម្ភារ ជ្រុលបារ៉ាស់សុវត្ថុភាពផ្លូវកៅស៊ូ ១ខ្សែ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀល ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូ ១ខ្សែ ត្រង់ចំណុចបារ៉ាស់ដែកសុវត្ថុភាពផ្លូវ ស្ថិតក្នុងភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
របាយការណ៍នគរបាលស្រុកបាកានជនរងគ្រោះឈ្មោះ កែវ សុភក្ដី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីនគរបាលស្រុកបាកាន បច្ចុប្បន្ន រស់នៅភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ រងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង(ធ្ងន់) ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯខេត្តបាត់ដំបងភ្លាមៗផងដែរ។
ក្នុងរបាយការណ៍ដដែលបន្តទៀតថា មុនកើតហេតុគេឃើញមន្រ្តីនគរបាលរងរបួស បើកម៉ូតូសណ្ដោងរឺុម៉កដឹកសម្ភារក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះដល់ចំណុចកើតហេតុមិនដឹងយ៉ាងម៉េច ស្រាប់តែរេចង្កូត ជ្រុលទៅបុកបង្គោលដែកបារ៉ាស់សុវត្ថុភាពផ្លូវពេញទំហឹង បណ្ដាលឲ្យរងរបួសបាក់ឆ្អឹងដងកាំបិតធ្ងន់បែបនេះតែម្ដង ៕ ប៉ឹម ពិន