ព័ត៌មានទាន់ហេតុការណ៍៖

ទូរស័ព្ទហៅមកយកទៅផឹកស៊ីក្នុងបឹងសំរោងជួបខ្យល់ព្យុះលិចទូកស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីស្រស់ស្អាតវ័យ១៨ឆ្នាំម្នាក់បានជិះទូកជាមួយមិត្តភ័ក្តហើយលិចបណ្ដាលឲ្យលង់ស្លាប់នៅ ខណ្ឌព្រែកព្នៅ យ៉ាងអាណោចអាធ័មដោយសារខ្លួនមិនចេះហែលទឹក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលម៉ោង១និង៣០នាទីរសៀល ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថាសពមានឈ្មោះ ឡាយ ស្រីកាភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះគ្មានលេខស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញស្លាប់នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ឈ្មោះ ឡយ រ៉ាហ្វីននិងមិត្តភ័ក្តិមានគ្នាប្រហែល១០នាក់បានអុំទូកទៅក្នុងបឹងសំរោង ខណ្ឌព្រែកព្នៅដើម្បីទៅផឹកស៊ីក្នុងរោងចិញ្ចឹមត្រីរបស់អ្នកភូមិ ។ លុះបានប្រហែល៣០នាទី ស្រាប់តែជនងគ្រោះឈ្មោះ ឡាយស្រីកាបានទូរស័ព្ទមកឈ្មោះឡយរ៉ាហ្វីនឲ្យអុំទូកមកយកខ្លួនទៅផឹកស៊ីដែរ ទើបឈ្មោះឡយរ៉ាហ្វីនមកដឹកជនរងគ្រោះនិងមិត្តភ័ក្តិ២នាក់ទៀតត្រឡប់ទៅរោងចិញ្ចឹមត្រីវិញបានប្រហែល៣០០ម៉ែត្រ ក៏ប៉ះនឹងខ្យល់បក់ខ្លាំង និងរលកធំៗធ្វើឲ្យលិចទូកតែម្តងជនរងគ្រោះដែលមិនចេះហែលទឹកក៏លិចទៅក្នុងទឹកបាត់ ។ ឃើញដូចនោះ ប្រជាពលរដ្ឋនៅក្បែរនោះ ក៏ចុះជួយមុជរកឃើញជនរងគ្រោះប៉ុន្តែនាងបានដេកស្លាប់ក្នុងបាតបឹងហើយប្រជាពលរដ្ឋក៏បញ្ជូនជនរងគ្រោះមកមណ្ឌលសុខភាពព្រែកព្នៅ ។

ប្រភពដដែលបញ្ជាក់ថា ដោយជនរងគ្រោះមានសភាពធ្ងន់ធ្ងរនាងបានស្លាប់តាំងពីមុនពេលមកដល់មណ្ឌលសុខភាពព្រែកព្នៅម៉្លេះ ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចស្តាប់ការបំភ្លឺនិងការពិនិត្យរបស់ផ្នែកជំនាញ សពជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ។ សមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ខេត្តព្រៃវែង៕ ចាន់ធឿន ព្រែកជ័យ


ចែករំលែក៖