ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ប្រើកាំបិតកាប់មន្រ្តីគនរបាលប៉ុស្តិ៍ផ្សារដើមគរម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរម្នាក់ បានរងរបួសយ៉ាងធ្ងន់ ខណៈបុរសម្នាក់ជាជនដៃដល់ធ្វើសកម្មភាពប្រើកាំបិតកាប់ទាំងកំរោល បន្ទាប់ពីជនរងគ្រោ ចុះទៅបំពេញការងារ សាកសួរពាក់ព័ន្ធជនប្រព្រឹត្តបទល្មើស តាមពាក្យបណ្តឹងរបស់អ្នករត់ម៉ូតូរ៊ឺម៉ក ក្រោយកើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅផ្សារនាគមាស តែត្រូវនគរបាលចាប់ខ្លួនបានភ្លាមៗផងដែរ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ សិ្ថតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសម្ដីសាច់ញាតិជនរងគ្រោះបានប្រាប់ ឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានពាក្យបណ្តឹងពីអ្នករត់កង់បីថា មានបញ្ហាជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅមុខផ្សារនាគមាស លោក ឃិន ទិត្យ និងមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមគរសរុបចំនួន៣នាក់ បានចុះទៅកន្លែងកើតហេតុ គ្រាន់តែទៅដល់មុខផ្សារនាគមាស មិនទាំងបានសួរនាំផង ក៏ត្រូវជនល្មើសស្ទុះមកកាប់យកៗតែម្តង។ ចំណែកជនរងគ្រោះកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានសភាពធ្ងន់ធ្ងរជាទីបំផុត។ សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា បន្ទាប់ពីស្កេនក្បាលជនរងគ្រោះរួចមកឃើញថា ជនរងគ្រោះប៉ះត្រូវខួរក្បាលពីរកន្លែង ដែលត្រូវការយកចិត្តទុកដាក់ក្នុងព្យាបាលខ្លាំងបំផុត។

ក្រោយកើតហេតុជនល្មើសខាងលើត្រូវបានសមត្តកិច្ចវាយខ្នោះនាំយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរនិងបញ្ចូនបន្តទៅអធិការនគរបាលខណ្ឌទួលគោកដើម្បីកសាងសុំណុំរឿងចាត់ការតាមច្បាប់៕ ស តារា


ចែករំលែក៖