ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ Lexusឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូបណ្ដាលឲ្យរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈជិះម៉ូតូល្បឿនលឿនត្រូវរថយន្ដម៉ាក Lexus 470 មួយគ្រឿងបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកពេញមួយទំហឹងនៅវេលាម៉ោង៧និង១៥នាទី ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខផ្ទះលក់ភេជ្ជ: កែវ ច័ន្ទថុល ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ភឿន ភារុន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិសោកម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះម៉ូតូម៉ាកZoomer ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR-1640 ។ ចំណែកភាគីខាងរថយន្ដម៉ាក Lexus 470 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ ទុករថយន្ដចោលរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដខាងលើធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះបើកដល់កន្លែងកើតហេតុក៏បត់ឆ្លងផ្លូវដោយពុំមើលមុខមើលក្រោយនោះទេ ខណៈក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកZoomerធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ក៏បណ្ដាលឲ្យរថយន្ដ Lexusបុកពេញមួយទំហឹងទទួលរងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបងប្អូនរត់កង់បីជួយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ដោយឡែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះធ្វើការវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាតការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះគឺបណ្ដាលមកពីអ្នកបើកបររថយន្តបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ រីឯអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿន ទើបបានជាមានគ្រោះថ្នាក់យ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖