ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងស្រ្តីម្នាក់ទៀតជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនស្រាប់តែឃើញកម្លាំង សមត្ថកិច្ចខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្រជាតិស្រវឹង និងរឹតបន្តឹងប់ច្បាប់ចរាចរណ៍បានជិះត្រឡប់ក្រោយត្រូវបានស្រ្តីម្នាក់តែងខ្លួនប្រុសជិះម៉ូតូមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់បុរសម្នាក់ និងស្រ្តីពីរនាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុកម្លាំងរបស់លោកបានដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទះ រឹតបន្តឹងច្បាប់ចរាចរណ៍ដើម្បីទប់ស្កាត់បទល្មើសផ្សងៗ ក្នុងភូមិសាស្ត្ររបស់ខ្លួន ស្រាប់តែឃើញបុរសម្នាក់ រួមដំណើរស្ត្រីម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-1468 ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះ មកដល់ចំណុចកើតហេតុខាងលើបានឃើញកម្លាំង សមត្ថកិច្ចដាក់គោលដៅនៅខាងមុខ ក៏ជិះត្រឡប់ក្រោយវិញ ខណៈនោះ ស្ត្រីម្នាក់តែងខ្លួនជាប្រុសបានជិះម៉ូតូមួយគ្រឿងម៉ាកហុងថា ស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1AF-7542 បើកមកពីក្រោយស្របទិសដៅគ្នាចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុកចំហៀងផ្នែកខាងមុខពេញទំហឹង បណ្តាលឲ្យខាងម៉ូតូឌ្រីមសង់ រងរបួសធ្ងន់បុរសម្នាក់ ចំណែកស្ត្រីជាអ្នករួមដំណើររងរបួសស្រាល រីឯខាងម៉ូតូស្កុបពីរងរបួសស្រាល ។ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ