ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុកខឿនផ្លូវផ្លោងលើបង្កាន់ដៃស្ពានរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកនឹងខឿនផ្លូវ ផ្លោងលើបង្កាន់ដៃស្ពានបណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុកខឿនផ្លូវផ្លោង លើបង្កាន់ដៃស្ពានរងរបួសធ្ងន់ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុជនងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យទី៣ រង់ចាំបងប្អូនមកទទួលយកទៅវិញ ៕ សុខាសែនជ័យ


ចែករំលែក៖