ខេត្តរតនគិរីៈ កូនស្រីអាយុ៥ខែម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មឯ ឪពុកម្ដាយ និងប្អូនប្រុស បានរងរបួសធ្ងន់ស្រាល ក្រោយពីឪពុកបើករថយន្តកាមរីគូទហើមមួយគ្រឿង បោលបុកគោយន្តកែច្នៃចតលើចិញ្ចើមផ្លូវជាតិពីក្រោយយ៉ាងពេញទំហឹង។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចទល់មុខផ្ទះជាងខុម តាមបណ្តោយផ្លូវជាតិលេខ៧៨A ស្ថិតនៅភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។
មន្រ្តីនគរបាលប៉ុស្តិ៍ឯកភាព បានឲ្យដឹងថា មុនពេលកើតហេតុមាន រថយន្តមួយគ្រឿងម៉ាក កាមរីគូទហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-2257 បើកតាមបណ្តោយផ្លូវជាតិលេខ៧៨A ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តបានជ្រុលចង្កូតទៅបុកគូទគោយន្តកែច្នៃកំពុងចតនៅលើចិញ្ចើមផ្លូវជាតិពេញទំហឹង បណ្ដាលឲ្យមនុស្សក្នុងរថយន្តស្លាប់ និងរបួសធ្ងន់ស្រាល៤នាក់។
សមត្ថកិច្ចដដែល បន្តថា ជនរងគ្រោះឈ្មោះ ប៉េង សុខលី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិកាតែ ឃុំប៉ាតេ ស្រុកអូរយ៉ាវដាវ ខេត្តរតនគិរី ជាអ្នកបើកបររថយន្ត រងរបួសស្រាល និងអ្នករួមដំណើរនៅក្នុងរថយន្ត ទី១ប្រពន្ធឈ្មោះ ខាំ ស្រីណុំ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ ទី២កូនស្រីឈ្មោះ លី ស្រីពី អាយុ៥ខែ(ស្លាប់) ទី៣ប្អូនប្រុសឈ្មោះ ខាំ សុខុម អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅជាមួយគ្នា បានរងរបួសធ្ងន់។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីភ្លាមៗ ។ ចំណែកម្ចាស់គោយន្តឈ្មោះ អឿ ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទួល ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចជំនាញឃាត់យកទៅរក្សាទុក។
ក្រោយកើតហេតុនគរបាលចរាចរខេត្តចុះមកធ្វើអន្តរាគមន៍វាស់វែងយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ សហការី