ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយរថយន្តស្ទូច នៅចំណុចក្លោងទ្វារវត្តធម្មវ័ន្ត កាលពីវេលាម៉ោង ១០និង៤៥នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩៣និង៩៤ ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះ ម្នាក់ឈ្មោះ ឈួន ចន្ធី ភេទស្រី អាយុ២៧ឆ្នាំ ស្លាប់នៅនឹងកន្លែង និង ម្នាក់ទៀតឈ្មោះ ឈួន សំអាត ភេទស្រី អាយុ៣៩ឆ្នាំ ជនរងគ្រោះទាំងពីរនាក់រស់នៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូកូនទា ពាក់ស្លាកលេខ កំពង់ឆ្នាំង ១H-៥៦៦៨ ធ្វើដំណើរពីកើតទៅលិច នៅពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តស្ទូចមួយគ្រឿងម៉ាកអីហ្ស៊ុយស៊ុយ ពាក់ស្លាកលេខភ្នំពេញ៣A-៣២៣០ បើកបរដោយឈ្មោះ សុន មុន្នី ភេទប្រុស អាយុ២០ រស់នៅភូមិភ្នៅលិច ឃុំព្រែកចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វើដំណើរច្រាស់ទិសគ្នា បើកបរក្នុងល្បឿនយ៉ាងលឿន ហើយបានបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យនារីរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្រ្តីម្នាក់ទៀតរងរបួសបាក់ជើងម្ខាងខាងស្តាំ យកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។
ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តបានបើករត់គេច តែត្រូវសមត្ថកិច្ចតាមទាន់ ចាប់បានទាំងរថយន្ត និង អ្នកបើកបរ ។ មធ្យោបាយបង្ករទាំងពីរត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា