ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បញ្ជាក់​ជា​ថ្មី​ថា​ ការ​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ គឺ​ ល្មើស​ច្បាប់​

ចែករំលែក៖

ភ្នំពេញ​៖ ​លោក​គឹម​ សន្តិភាព​ អនុរដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ នៅ​ថ្ងៃទី​២៤​ ខែ​កក្កដា​ នេះ​ បញ្ជាក់​ជា​ថ្មី​ថា​ ការ​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ គឺ​ ល្មើស​ច្បាប់​។

លោក​ គឹម​ សន្តិភាព​ អះអាង​ថា​ ការអំពាវនាវកុំ​ឱ្យ​ពលរដ្ឋប្រើប្រាស់គ្រឿងញៀន ជាការរារាំង និងទប់ស្កាត់មិន​ឱ្យ​ពលរដ្ឋប្រើប្រាស់គ្រឿងញៀន ដែលអំពើរារាំងនេះពុំមែនជាបទល្មើសនោះទេ ព្រោះគ្មានច្បាប់ចែង​ ! ។

រីឯការអំពាវនាវកុំ​ឱ្យ​ពលរដ្ឋទៅបោះឆ្នោត ក៏ជាការរារាំង និងទប់ស្កាត់ពលរដ្ឋមិន​ឱ្យ​ទៅបោះឆ្នោតផងដែរ តែអំពើរារាំង​នេះគឺជាបទល្មើសដែលមានចែងក្នុងច្បាប់ ត្រង់មាត្រា១៤២ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលកំណត់ផាកពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ ។

តែបើការរារាំងនេះមានភ្ជាប់ជាមួយនូវអំពើហិង្សា ឬ​ គំរាមកំហែង​ នោះជាអំពើល្មើសបន្ថែមទៀត ដែលកំណត់ឱ្យផ្តន្ទាទោសក្នុងច្បាប់ព្រហ្មទណ្ឌជាពិសេស​ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា​ ! ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ​ សង្កត់​ធ្ងន់​ថា​ ហេតុនេះ ការរារាំងពលរដ្ឋមិន​ឱ្យ​ទៅបោះឆ្មោត គឺជាបទល្មើសដែល​មានច្បាប់ចែងច្បាស់លាស់ទាំងក្នុងច្បាប់បោះឆ្នោត និងច្បាប់ព្រហ្មទណ្ឌ ត្រង់ថាអនុវត្តតាមច្បាប់ណាជាក់ស្តែង គឺអាស្រ័យលើសកម្មភាពនៃអំពើរារាំងនោះតែប៉ុណ្ណោះ​  ៕ចេស្តា


ចែករំលែក៖