ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវបាននគរបាលស្រុកកោះធំធ្វការចាប់ខ្លួន បន្ទាប់មកពីផឹកស្រាស្រវឹង ខឹងកូនៗឈ្លោះប្រកែកគ្នា ក៏យកឆ្នាំងបាយកំពុងដាំមកជះទៅលើប្រពន្ធនិងកូនខ្ចីបណ្ដាលឲ្យរបួសយ៉ាងដំណំ ។ ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងនៅវេម៉ោង១៧និង១០នាទី ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈា ឈង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ រីឯជនរងគ្រោះឈ្មោះ ធី គឹមលាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងកូនខ្ចីម្នាក់ទៀតឈ្មោះ ឈង គីមហេង ភេទស្រី អាយុ១០ថ្ងៃ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុខាងលើ ជនសង្ស័យ ឈា ឈង បានទៅផឹកស៊ីស្រវឹងជោគខ្លួន ទើបត្រលប់មកលើទូកស្នាក់នៅរបស់ខ្លួនវិញ រួចក៏យកធុងបាសបើកស្ដាប់ ខណៈនោះស្រាប់តែកូនៗតូចៗរបស់គេឈ្លោះប្រកែកវាយគ្នា ស្រាប់តែជនសង្ស័យជាឪពុករូបនេះខឹង បានទៅវាយកូន និងបានយកឆ្នាំងបាយក្ដៅ ដែលជនរងគ្រោះជាប្រពន្ធ កំពុងដាំនៅលើចង្ក្រាន មកជះដាក់លើប្រពន្ធ និងកូនតូចទើបនិងកើតបាន១០ថ្ងៃ បណ្ដាលអោយរលាកមុខកូនតូចទើបកើត និងរលាកខ្លួនប្រាណប្រពន្ធដែលទើបសម្រាលកូន បណ្ដាលអោយប្រពន្ធទាស់ថែមទៀតផង ។ ឃើញសភាពបែបនេះជនរងគ្រោះជាប្រពន្ធក៏ពុំបានតបតអ្វីទេ រួចបានរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍លើកដែកអោយជួយអន្តរាគមន៍ តែម្ដង ។ ក្រោយទទួលបានព័ត៌មាមភ្លាម សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ បានចុះដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីក៍សាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ